អស់ពីរឿងមួយចូលរឿងមួយ! Ice ទើបនឹងជាចេញពីពេទ្យ ពេលនេះចូលដល់ម្តាយម្តង កំពុងបៀមជំងឺសាហាវនេះជាប់ខ្លួន
គិតមកទល់ពេលនេះមួយរយៈធំដែរហើយដែលតារាស្រី Ice Preechaya បានត្រឡប់មកមានស្នាមញញឹម និង សុខភាពរឹងមាំជាងមុនវិញ បន្ទាប់ពីនាងបានជួបហេតុការណ៍ដួលសន្លប់បាត់បង់ស្មារតីត្រូវបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់កាលពីពេលកន្លងទៅ។
ក្រោយចេញពីមន្ទីរពេទ្យមិនបានប៉ុន្មាន ថ្មីៗនេះ តារាស្រី Ice Preechaya ក៏បានបង្ហាញខ្លួនជាមួយម្តាយនៅក្នុងកម្មវិធីមួយ ដើម្បីឱ្យមហាជនឃើញមុខ និង អស់បារម្ភ។ ជាក់ស្តែង ក្នុងនោះនាងថែមទាំងបានទម្លាយពីរឿងរ៉ាវជីវិតរបស់នាងឱ្យអ្នកគាំទ្របានស្តាប់ដោយមិនលាក់លៀមថែមទៀតផង។
ទន្ទឹមនឹងការបើកទម្លាយពីរឿងរ៉ាវជីវិតហើយ Ice Preechaya បានទម្លាយដំណឹងមួយថា ចប់កម្មវិធីនេះនាងត្រូវនាំម្តាយទៅព្យាបាលជំងឺមហារីកតាមការណាត់របស់ពេទ្យហើយ ដែលដំណឹងមួយនេះវាពិតជាធ្វើឱ្យមហាជនតក់ស្លុត និង អាណិតដល់តារាស្រី Ice Preechaya ជាខ្លាំង ដែលមកត្រូវជួបបញ្ហាផ្ទួនៗគ្នាបែបនេះ។
លើសពីនេះទៅទៀតនោះ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត ក្រោយឃើញទឹកភ្នែក Ice Preechaya និង ម្តាយស្រក់នោះ គឺក្រោយបានឮម្តាយ Ice Preechaya និយាយថា ស្វាមីរបស់លោកស្រីបានប្រាប់លោកស្រីថា ប្រសិនបើលោកឈឺធ្ងន់មិនបាច់ឱ្យកូនចំណាយអ្វីទៀតឡើយ លោកមិនចង់ជាបន្ទុកដល់កូនស្រីនោះទេ ព្រោះលោកអាណិតកូនស្រីម្នាក់នេះខ្លាំងដែលលះបង់អស់ពីខ្លួនដើម្បីគ្រួសារ តែ Ice Preechaya បានឆ្លើយតបទៅម្តាយឪពុកថា នាងមានតួនាទីជាកូនត្រូវតែមើលថែ យើងនឹងស៊ូជាមួយគ្នា៕