Key សមាជិក SHINee រងការរិះគន់ដូចទឹកបាក់ទំនប់ ក្រោយធ្លោយមាត់និយាយរឿងមួយដូចបំបាក់មុខស្រីស្អាត Taeyeon
រឿងរ៉ាវដ៏ចម្រូងចម្រាសកើតជាការមិនពេញចិត្តពីអ្នកគាំទ្រលើតារាប្រុស Key សមាជិក SHINee ផ្តើមចេញពីការនិយាយលេងសើចហួសប្រមាណរបស់លោកនៅលើ YouTube ដែលមានសមាជិកចូលរួមមានដូចជា Key, Taemin និង Minho ដោយលើកយកប្រធានបទទំនាក់ទំនងភេទផ្ទុយគ្នាមកនិយាយ។
ដំបូងឡើយ គឺ Taemin ដែលត្រូវបានគេនិយាយលើរូបលោកថា មិនអាចមានទំនាក់ទំនងជាមួយមនុស្សស្រីនោះទេ ប៉ុន្តែក្រោយមកស្រាប់តែ Key ចេញមកលូកមាត់កាត់ចង្វាក់ស្របពេល Taemin និយាយអំពីមិត្តភាពរវាងលោក និង Taeyeon សមាជិក Girls’ Generation ថា ៖ «ខ្ញុំអាចងូតទឹកស្លៀករុំពាក់កណ្តាលខ្លួន ជាមួយនឹង Taeyeon បាន»។
ដោយសារតែសម្តីប៉ុន្មានម៉ាត់របស់ Key ទើបបង្កឱ្យមានការរិះគន់ និង ភាពចម្រូងចម្រាសស្រាយមិនចេញនៅលើបណ្តាញសង្គម ដោយមានមតិពីអ្នកគាំទ្រមួយចំនួនបានបញ្ចេញថា Key បានធ្វើខុសធ្ងន់ ប្រើពាក្យមិនសមរម្យប៉ះពាល់ដល់មុខមាត់ Taeyeon ជាមនុស្សស្រី ទោះបីជាពួកគេជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាខ្លាំងក៏ដោយ។
ក្នុងនោះដែរ ក៏មានទស្សនិកជនជាច្រើនបានរិះគន់សមាជិក SHINee រូបនេះថា ៖ «ហេតុអ្វីខ្លួនជាមនុស្សប្រុសមកនិយាយពាក្យទាំងនេះដាក់មនុស្សស្រី មិនអន់ពេកទេដឹង» និង មតិផ្សេងៗទៀតថា «Taeyeon អាចនឹងមានរឿងអាស្រូវ ព្រោះសម្តីអស់ទាំងនេះ»។ យ៉ាងណាមិញ បើទោះជាមានមតិមួយចំនួនបាននិយាយការពារលើ Key ក៏ដោយ ក៏តារាប្រុសរូបនេះមិនអាចរួចខ្លួនដោយងាយនោះដែរ ជុំវិញបញ្ហាមួយនេះ៕