មិនទាន់ចូលរោងការមែន តែ Yaya បានត្រៀមខ្លួនរួចជាស្រេចធ្វើជាស្ត្រីមេផ្ទះដ៏ល្អសម្រាប់អនាគតប្តី
កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ គូស្នេហ៍តារាសម្ដែងប្រុសស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Nadech Kugimiyas និង Yaya Urassyas បានធ្វើឱ្យមហាជនក្នុង និង ក្រៅប្រទេសមានការរំភើបចិត្តជាខ្លាំង ក្រោយឃើញទិដ្ឋភាពអ្នកកំលោះ Nadech លុតជង្គង់សុំតារាសម្ដែងស្រី Yaya រៀបការនៅប្រទេសអ៊ីតាលី។
អស់រយៈពេល ១២ ឆ្នាំហើយ ដែលមហាជនទន្ទឹងរង់ចាំថ្ងៃល្អរបស់អ្នកទាំងពីរ។ មិនមែនមានតែមហាជនប៉ុណ្ណោះដែលរំភើប សូម្បីតែតារាសម្ដែង អ្នកសិល្បៈថៃជាច្រើន ក៏បានបង្ហាញអារម្មណ៍អរសប្បាយដែរ ដោយម្នាក់ៗបង្ហោះសារអបអរសាទរព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក,Twitter, Tik tok និង អ៊ីនស្តាក្រាម។
យ៉ាងណាមិញ ងាកទៅមើលស្រីស្រស់ Yaya វិញ បន្ទាប់ពីទទួលបានចិញ្ចៀនរៀបការពីតារាប្រុស Nadech ហើយ ស្រីស្រស់រូបនេះបានត្រៀមខ្លួនក្លាយជាកូនក្រមុំរួចរាល់ផងដែរ។ តួយ៉ាងថ្មីៗនេះ នាងបានទម្លាយឱ្យមហាជនបានដឹងថា នាងកំពុងតែរៀនសូត្រធ្វើជាស្ត្រីមេផ្ទះដ៏ល្អម្នាក់សម្រាប់គ្រួសារនាពេលអនាគត ដោយនាងអះអាងថានាងអាចធ្វើការងារផ្ទះបានគ្រប់យ៉ាងទាំងអស់៕