ផ្ទុះវែកញែកព្រាត ក្រោយស្ថាប័ន MUC បញ្ចេញម៉ូតមកុដថ្មី ត្រៀមសម្រាប់បំពាក់លើម្ចាស់ជ័យលាភី MUC 2023
កម្មវិធីប្រកួតសម្រស់ Miss Universe Cambodia ដែលរៀបចំដោយអ្នកគ្រប់គ្រងថ្មីលោក អ៊ិន សុភិន ពេលនេះបានបើកដំណើរការ និង បង្ហាញមុខបេក្ខភាពបវរកញ្ញានីមួយៗ ដើម្បីត្រៀមរៀបចំធ្វើការប្រកួតប្រជែងជ្រើសរើសម្ចាស់រាជិនីគ្រងមកុដប្រចាំឆ្នាំ ២០២៣ នេះហើយ។
ស្របពេលបើកបង្ហាញមុខបេក្ខភាពបវរកញ្ញានីមួយៗនេះដែរ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ បណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ស្ថាប័ន Miss Universe Cambodia ក៏បានបង្ហាញមកុដថ្មី សម្រាប់បំពាក់លើម្ចាស់ជ័យលាភីប្រចាំឆ្នាំ ២០២៣ នេះ មើលទៅស្រស់ស្អាតរចនាឡើងមានក្បូរក្បាច់បែបខ្មែរយ៉ាងប្រណីត។
លើសពីនេះ ស្ថាប័ន Miss Universe Cambodia ក៏បានភ្ជាប់ជាមួយសារសួរជាមតិយោបល់ទៅកាន់មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាពីការរចនាម៉ូដមកុដថ្មីនេះថា ៖ «សូមបង្ហាញមកុដ Miss Universe Cambodia 2023 សូមជួយឱ្យយោបល់ម្នាក់មួយមក តើយល់ឃើញយ៉ាងចំពោះក្បាច់ចម្លាក់ប្រាសាទបន្ទាយស្រីដ៏ល្អឯករបស់ខ្មែរយើង»។
យ៉ាងណាមិញ ក្រោយឃើញស្ថាប័ន MUC បង្ហាញមកុដថ្មីនេះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនកំពុងចាប់អារម្មណ៍ចែករំលែក និង ចូលរួមបញ្ចេញមតិវែកញែករៀងៗខ្លួនពីការរចនាម៉ូដមកុដថ្មីនេះផងដែរ៕