អ្នកគាំទ្រ BTS ម្នាក់ត្រូវចោរឆក់ទូរស័ព្ទ ស្រាប់តែចោរឃើញរូប Jin ស្លន់ឱ្យម្ចាស់វិញយ៉ាងលឿន
អាចនិយាយថានេះជារឿងដ៏ភ្ញាក់ផ្អើល និង ហួសចិត្តបន្តិចដែរ ក្រោយពីចោរបានឆក់ទូរស័ព្ទ ក្មេងស្រីម្នាក់ដែលជាអ្នកគាំទ្រ BTS វ័យ ២១ ឆ្នាំ នៅប្រទេសប្រេស៊ីល។
នេះបើតាមសារព័ត៌មាន Portal R7 របស់ប្រេស៊ីល បានចុះផ្សាយអំពីហេតុការណ៍មួយនេះថា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ មានក្មេងស្រីវ័យ ២១ ឆ្នាំម្នាក់ ត្រូវបានចោរឆក់ទូរស័ព្ទ នៅប្រទេសប្រេស៊ីល ខណៈនាងកំពុងរង់ចាំឡាននៅចំណតឡានក្រុង São José dos Pinhais ក្នុងតំបន់ Curitiba Metropolitan។
ពេលនោះចោរបានប្រទះភ្នែកឃើញរូបថតដាក់លើអេក្រង់ទូរស័ព្ទជារូបថតរបស់ Jin សមាជិក BTS ស្លៀកក្នុងឯកសណ្ឋានយោធា ស្រាប់តែភ្លាមនោះ ចោរក៏បានហុចទូរស័ព្ទឱ្យក្មេងស្រីម្នាក់នោះវិញ ហើយរត់គេចខ្លួនបាត់ស្រមោល។
ទោះជាយ៉ាងណា រឿងកើតឡើងនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះមិនជឿសោះថា ចោរអាចប្រគល់ទូរស័ព្ទមកឱ្យក្មេងស្រីនោះវិញ ក្នុងនោះដែរ ក៏មានមតិមួយចំនួននិយាយថា៖ «ចោរ អាចគិតថាមិត្តប្រុសរបស់នាង ជាទាហានទើបបានជាគេខ្លាចមិនហ៊ានលួច» និង មតិផ្សេងៗទៀតបានលើកឡើងថា រូបថត Jin ស្លៀកឈុតយោធា ពិតជាមានឥទ្ធិពលណាស់៕