ក្លាយជាប៉ាប៉ាគេភ្លាម ចេន បង្ហោះសាររំភើបទាំងអួលដើម-ក ក្រោយបានឮសំឡេងកូនជាលើកដំបូង
ភ្លេចៗត្រចៀកមានរយៈពេលជាង ១ ឆ្នាំហើយ ដែលតារាចម្រៀងប្រុសរូបសង្ហា ចេន បញ្ចប់ភាពនៅលីវ ហើយកាន់ដៃគូស្នេហ៍ចូលរោងការតាមប្រពៃណី ដែលកាលនោះគេចាំបានថាមានអ្នកគាំទ្រនារីៗជាច្រើនត្រូវខកស្នេហ៍ព្រោះ Idol រៀបការប្រពន្ធ។
ងាកមកជីវិត ចេន ពេលផ្លាស់ប្ដូរមករួមរស់ជាមួយភរិយាក្នុងនាមជាប្ដីប្រពន្ធវិញ គេសង្កេតឃើញថារយៈពេលជាង ១ ឆ្នាំមកនេះ ចេន មានសុភមង្គលខ្លាំងណាស់ ហើយឆាប់ៗខាងមុខនេះ លោក និង ភរិយាក៏ត្រៀមទទួលសមាជិកថ្មី ដែលជាតំណក់ឈាមដំបូងរបស់ពួកគេផងដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ តារាចម្រៀង ចេន និង ភរិយា បានឃើញមុខទាយាទដំបូងរបស់ខ្លួនហើយ ដោយក្នុងនោះលោក ចេន បានបង្ហោះសារថា ៖ «21/07/2023 សំឡេងមួយនោះ ដែលធ្វើឱ្យខ្ញុំទប់ទឹកភ្នែកមិនបាន! Marvin កូន»។
ក្រោយពីឃើញការបង្ហោះរបស់ប៉ាៗដំបូងខាងលើហើយ មហាជនអ្នកគាំទ្រជាច្រើនក៏បានចូលទៅបញ្ចេញមតិអបអរសាទរដល់លោក ចេន និង ភរិយា ជាហូរហែផងដែរ៕