![ភ្ញាក់ផ្អើល! ព្រោះឈឺចាប់នឹងរឿងអស់នេះ តារាកូរ៉េល្បីៗ ៥ ដួង ហ៊ានកាត់កាល់ឪពុកម្តាយបងប្អូនចោលគ្មានស្រណោះ](https://www.popular.com.kh/wp-content/uploads/2023/07/N87-1.jpg)
ភ្ញាក់ផ្អើល! ព្រោះឈឺចាប់នឹងរឿងអស់នេះ តារាកូរ៉េល្បីៗ ៥ ដួង ហ៊ានកាត់កាល់ឪពុកម្តាយបងប្អូនចោលគ្មានស្រណោះ
អាចនឹងធ្វើឱ្យមហាជនភាគច្រើន មានការស្រឡាំងកាំងបន្តិច បន្ទាប់ពីបានដឹងអំពីព័ត៌មានកម្សាន្តរបស់តារាកូរ៉េដែលមានប្រជាប្រិយភាពមួយចំនួន ហ៊ានផ្តាច់មនោសញ្ឆេតនាជាមួយនឹងសាច់ឈាមក្នុងក្រុមគ្រួសារ ដោយសារតែជម្លោះលើបញ្ហាហិរញ្ញវត្ថុ។
នៅពីក្រោយរឿងរ៉ាវដ៏ពិបាកទទួលយកនេះ ក៏មានហេតុផលជាច្រើនដែលធ្វើឱ្យតារាប្រុសស្រីទាំង ៥ ដួងនេះ គ្មានជម្រើសអ្វីក្រៅពីកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុមគ្រួសាររបស់ពួកគេដើម្បីសេចក្តីសុខ ក៏ដូចជាអនាគតនាថ្ងៃមុខរបស់ខ្លួនឯង។
១. តារាកំប្លែង Park Soo Hong
លោក Park Soo Hong បានជាប់ខ្លួនក្នុងជម្លោះតាមផ្លូវច្បាប់ជាមួយនឹងបងប្រុសរបស់លោក ដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់គាត់ អស់រយៈពេល ៣០ ឆ្នាំ ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈ។ ក្នុងនោះដែរ មូលហេតុដែលតារាកំប្លែងរូបនេះដាក់ពាក្យបណ្តឹងលើបងប្រុសខ្លួនឯង គឺនៅពេលដែលគាត់បានផ្ទៀងផ្ទាត់បញ្ជីសាជីវកម្មរបស់បងប្រុស បានឃើញរឿងដ៏ហួសចិត្តដោយដឹងការពិតថា ក្រុមគ្រួសារបងប្រុសគាត់បានកេងប្រាក់ចំណេញជាច្រើនក្នុងអាជីពសិល្បៈរបស់ខ្លួន។ Park Soo Hong បានដាក់ពាក្យបណ្តឹងលើបងប្រុស និង ប្រពន្ធរបស់បងប្រុស ហើយចោទប្រកាន់ពីបទកេងបន្លំ កិបកេងប្រាក់ចំនួន ៥.៤ លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំ។
២. តារាសម្ដែង Kim Hye Soo
កាលពីឆ្នាំ ២០១៩ តារាសម្ដែងស្រី Kim Hye Soo បានចូលរួមក្នុងកម្មវិធី «Kim Hyun-jung’s News Show» ដោយបានទម្លាយអំពីរឿងបំណុលម្ដាយរបស់នាង ដែលជំពាក់អ្នកស្គាល់ចំនួន ១.១ លានដុល្លារ ហើយម្ដាយរបស់នាងមិនសងទៅគេវិញនោះទេ។ ក្រោយមកទៀត តារាសម្ដែងស្រីរូបនេះ បាននិយាយមិនលាក់លៀមថា ៖ «ខ្ញុំបានយកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ទៅសងបំណុលជំនួសម្ដាយ តាំងពីឆ្នាំ ២០១២ ហើយតាំងពីថ្ងៃដែលខ្ញុំសងបំណុលគេអស់នោះ ខ្ញុំ និង ម្ដាយរបស់ខ្ញុំបានផ្តាច់ការទាក់ទងគ្នាចោលតែម្ដង»។
៣. តារាចម្រៀងស្រី Yeeun អតីតសមាជិក Wonder Girls
រឿងរ៉ាវបញ្ហារបស់ Yeeun គឺផ្តើមចេញពីឪពុករបស់នាង បានដើររៃអង្គាសប្រាក់ចំនួន ១៧.៣ លានដុល្លារអាមេរិក ក្នុងការវិនិយោគសម្រាប់ការបណ្តាក់ទុនអាជីវកម្មកម្សាន្ត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកឪពុករបស់នាង ត្រូវបានប្តឹងដោយសមាជិកក្រុមជំនុំ ដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ពីបទកេងបន្លំមូលនិធិវិនិយោគ។
៤. តារាចម្រៀងស្រី Jang Yoon Jung
បើតាមបទសម្ភាសក្នុងកម្មវិធីជជែកពិភាក្សារបស់ SBS ក្នុងឆ្នាំ ២០១៣ តារាស្រី Jang Yoon Jung បាននិយាយថា នាងបានសងបំណុលជំនួសម្ដាយរបស់នាងជិត ៨៧០ ០០០ ដុល្លារអាមេរិក។ ក្នុងនោះដែរ សូម្បីតែពិធីមង្គលការរបស់នាងក៏មិនបានអញ្ជើញម្ដាយរបស់នាងចូលរួមនោះដែរ។ រហូតដល់ម្ដាយរបស់នាងចេញមុខនៅលើកញ្ចក់ទូរទស្សន៍ ដោយនិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំមិនយល់ថាហេតុអ្វីបានជា Jang Yoon Jung ធ្វើបែបនេះដាក់ម្ដាយដែលធ្លាប់ចិញ្ចើមបីបាច់នាងដល់ធំទាល់តែសោះ»។
៥. តារាចម្រៀង និង តារាសម្ដែង Kang Min-kyung
កន្លងមក មានបុរសម្នាក់ត្រូវបានគេស្គាល់គាត់ជាឪពុករបស់តារាស្រី Kang Min-kyung ដោយត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំអចលនទ្រព្យ។ ក្នុងនោះ អ្នកដែលជាប់ចោទគឺមានឪពុក និង ប្អូនប្រុសរបស់នាង ដែលជាធ្វើប្រតិបត្តិការក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ហើយត្រូវបានចោទប្រកាន់ថាមិនបានកេងប្រាក់ចំណេញពីការវិនិយោគ។ ទោះជាយ៉ាងណា Kang Min Kyung ក៏បាននិយាយអំពីរឿងនេះដែរថា ៖ «ចាប់តាំងពីខ្ញុំចូលប្រឡូកក្នុងសិល្បៈនៅអាយុ ១៨ ឆ្នាំ ខ្ញុំបានជួបបញ្ហាហិរញ្ញវត្ថុទាក់ទងនឹងឪពុករបស់ខ្ញុំជាច្រើនដង រហូតខ្ញុំបានកាត់ផ្តាច់ទំនាក់ទំនងពីឪពុករបស់ខ្ញុំ និង មិនចូលរួមបន្តមុខជំនួញរបស់គាត់នោះទេ»៕