(វីដេអូ) នូ សុវណ្ណដានេ ទម្លាយលើកឡើងបែបនេះពី ធឿន លីលី ក្រោយយកឈ្នះនាងក្នុងវគ្គ The Battle
កាលពីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានឈានដល់វគ្គ The Battle សប្តាហ៍ទី ១ ហើយ។
ក្នុងវគ្គនេះ ក៏ជាវគ្គដ៏តានតឹងមួយសម្រាប់បេក្ខភាពដែលបានចូលរួម ជាពិសេស Coach ទាំង ៤ ដែលតម្រូវឱ្យកូនក្រុមរបស់ខ្លួន ឡើងទៅប្រកួតប្រជែងសមាជិកក្នុងក្រុមតែមួយ។ យ៉ាងណា ក្នុងនោះ Coach ទាំងអស់ ក៏បានស្វែងរកបេក្ខភាពខ្លាំង ក្នុងចំណោមអ្នកខ្លាំង ដើម្បីចាប់ដៃគ្នាបន្តទៅវគ្គក្រោយទៀត។
ងាកទៅកាន់កូនក្រុមរបស់ Coach ណុប បាយ៉ារិទ្ធ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយកាលពីវគ្គ The Battle សប្តាហ៍ទី ១ កូនក្រុមរបស់លោក ចំនួន ៤ នាក់ បានឡើងបង្ហាញសមត្ថភាពក្នុងវគ្គនេះ ហើយបេក្ខជន ២ រូប ដែលលោកបានជ្រើសរើសបន្តមានដូចជាលោក ម៉ូថេ និង លោក នូ សុវណ្ណដានេ។ លើសពីនោះ Coach ណុប បាយ៉ារិទ្ធ ក៏បាន Steal បេក្ខនារី លីណែត ពីក្រុម Coach ឆន សុវណ្ណារាជ ផងដែរ។
ងាកទៅកាន់លោក នូ សុវណ្ណដានេ ដែលជាបេក្ខភាពលេចធ្លោក្នុងក្រុម Coach ណុប បាយ៉ារិទ្ធ ដែលបានជ្រើសរើសក្នុងវគ្គ The Battle នេះ ក៏បានបង្ហាញអារម្មណ៍ ក្តីស្រមៃ និង មិត្តភាពរបស់ខ្លួនក្រោយបានយកឈ្នះដៃគូប្រកួតគឺកញ្ញា ធឿន លីលី យ៉ាងមានន័យនៅលើគណនីហ្វេសប៊ុករបស់លោកថា ៖ «លីលី មិនមែនជាដៃគូប្រកួតប្រជែងរបស់ខ្ញុំនោះទេ។ លីលី គឺជាដៃគូចម្រៀងដ៏អស្ចារ្យ! ជាដៃគូដែលយល់ចិត្ត និង គោរពស្រឡាញ់គ្នា ផ្ដល់យោបល់គ្នាទៅវិញទៅមក។ សហការណ៍ក្នុងបទចម្រៀងមួយបទនេះ ធ្វើយ៉ាងណាឱ្យយើងទាំងពីនាក់សម្ដែងក្នុងបទចម្រៀងមួយបទនេះបានល្អ និង ធ្វើឱ្យពុកម៉ែបងប្អូនពេញចិត្ត។ ខ្ញុំចង់និយាយថា អ្នកជាដៃគូដ៏ល្អសម្រាប់ខ្ញុំ លីលី។ Khun Lee»៕