ក្រោយផ្ទុះការចាប់អារម្មណ៍លើឈុត ពេជ្រ សោភា ទម្លាយមុខអ្នកច្នៃម៉ូដ ហើយលើកឡើងយ៉ាងនេះទៀត
នៅរាត្រីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ The Battles សប្ដាហ៍ទី ១ មហាជន ជាពិសេសអ្នកតាមដានគាំទ្រកម្មវិធីលំដាប់ពិភពលោកនេះ មិនត្រឹមចាប់អារម្មណ៍ចំពោះបេក្ខភាពប្រឡងចម្រៀងនីមួយៗនោះទេ តែពួកគេហាក់ចាប់អារម្មណ៍ និង លាន់មាត់សរសើរខ្លាំងចំពោះគណៈកម្មការទាំង ៤ រូប ខណៈបានឃើញបង្ហាញខ្លួននៅសប្ដាហ៍នេះក្នុងឈុតសម្លៀកបំពាក់យ៉ាងទាក់ទាញ។
យ៉ាងណាមិញ ចំពោះគណៈកម្មការ ពេជ្រ សោភា កំពុងឆក់បានការសរសើខ្លាំងជាមួយឈុតបែប Fashion ដ៏ទាក់ទាញរបស់អ្នកនាង ដែលមហាជនអ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និង សួរនាំពីការច្នៃរចនាម៉ូដឈុតមួយនេះ ដោយអ្នកខ្លះសួរថាឈុតនេះទិញពីក្រៅប្រទេសឬយ៉ាងណាទៀតផង។
ក្រោយពីមហាជនផ្ទុះចាប់អារម្មណ៍សរសើរ និង សួរទាក់ទងនឹងឈុតដ៏ទាក់ទាញនេះ គេក៏បានឃើញគណៈកម្មការ ពេជ្រ សោភា បង្ហោះសារឱ្យដឹងផងដែរពីឈុតរបស់នាងថាជាទឹកដៃច្នៃម៉ូដពីកូនខ្មែរ ដែលមានឈ្មោះថា Damo ត្រូវបានគេស្គាល់ថាជាអ្នកច្នៃម៉ូដដ៏មានស្នាដៃពូកែម្នាក់ មានគំនិតច្នៃប្រឌិតរចនាម៉ូដបែប Fashion លេចធ្លោទាក់ទាញឱ្យម៉ូឌែលជាច្រើនកន្លងមក។ ក្នុងនោះ អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា ៖ «អូនឆាតសួរបងថាឈុតបងពាក់ទាំងឈុតនឹងកុម្ម៉ង់តាមណា? ចម្លើយ គឺកូនខ្មែរជាអ្នកគូសម៉ូដឱ្យ ចង់ដឹងតម្លៃសួរគាត់ទៅ ស្នាដៃកូនខ្មែរ គំនិតកូនខ្មែរ គឺបើខ្ញុំស្លៀកហើយ គឺម្នាក់នោះត្រូវតែខ្លាំង សូមអរគុណ Damo»៕