ផ្ទុះរឿងមួយក្ឌាំង ពេលនេះ នាង ដាវីន បុរសកំពូលញញឹម បង្ហាញមុខគូស្នេហ៍ពិតជានារីស្រស់ស្អាត ដែលទាក់ទងគ្នាមក ២ ឆ្នាំ
បើនិយាយចំពោះកំពូលបេក្ខភាពជើងខ្លាំង Cambodian Idol នាង ដាវីន ដែលអ្នកគាំទ្រដាក់រហស្សនាមថាបុរសកំពូលញញឹម ដ្បិតតែលោកមិនទទួលបានជោគជ័យឈ្នះពានក៏ពិតមែន ប៉ុន្តែពេលនេះ លោកកំពុងក្លាយជាតារាចម្រៀងពន្លកថ្មី ឆក់បានបេះដូងមហាជនស្ទើរទូទាំងប្រទេសស្រឡាញ់គាំទ្រ និង សរសើរជាមួយសមត្ថភាពដ៏ពូកែលេចធ្លោរបស់លោក។
លើសពីនេះ ក្រៅពីចាប់អារម្មណ៍លើសមត្ថភាពក្នុងវិស័យចម្រៀង កន្លងមកអ្នកគាំទ្ររបស់ នាង ដាវីន ក៏ចាប់អារម្មណ៍ចង់ដឹងពីជីវិតផ្ទាល់ខ្លួន ជាពិសេសរឿងរ៉ាវស្នេហារបស់លោកផងដែរ ដោយបានលេចឮថាលោកមានម្ចាស់រួចហើយ ប៉ុន្តែរូបលោកពុំធ្លាប់បើកបង្ហាញឱ្យមហាជនអ្នកគាំទ្របានឃើញជាសាធារណៈឡើយ។
ដោយឡែក ស្រាប់តែមកដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ អាយដលរូបសង្ហាញញឹមស្រស់មានមន្តស្នេហ៍រូបនេះ បានធ្វើឱ្យអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើល និង រំភើបអបអរខ្លាំង ក្រោយពីបានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់លោក បង្ហោះរូបបង្ហាញមុខគូស្នេហ៍ដ៏ស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់បែបថត Pre-Wedding ភ្ជាប់ជាមួយសារទម្លាយពីរឿងរ៉ាវស្នេហារបស់ខ្លួនយ៉ាងផ្អែមល្ហែម។
ក្នុងនោះ លោក នាង ដាវីន បានសរសេររៀបរាប់ថា ៖ «អរគុណដែលព្រមទទួលយកអ្វីដែលជាខ្ញុំ ពេលវេលាដែលយើងទាំងពីរទន្ទឹងរង់ចាំជាយូណាស់មកហើយអូន អូនបានបំពេញក្តីស្រមៃបងច្រើនណាស់ ឥឡូវបងគិតថាគួរតែបំពេញនៅក្តីស្រមៃឱ្យអូនវិញម្តងហើយ។ អរគុណដែលអូនតែងតែយល់ពីបង យល់ពីការងាររបស់បង អូនតែងតែលើកទឹកចិត្តបង ទ្រាំពិបាកជាមួយបង អូនព្រមដើរផ្លូវជាមួយបងទាំងដែលដឹងថាបងគ្មានអ្វីទាំងអស់ តើអូនចាំបានទេបងធ្លាប់សួរអូនថា… បងក្រណាស់ ហើយបងមិនទាន់មានការងារអ្វីច្បាស់នោះទេ បងមានបន្ទុកជាមួយគ្រួសារ បងគ្មានអ្វីហ៊ឺហាដូចគេឡើយ «គាត់ថាអ្វីក៏អូនទទួលយកបានដែរឱ្យតែជាបង» រាល់ពេលដែលខ្ញុំជួបបញ្ហា គាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយគាត់ប្រាប់ខ្ញុំថាទ្រាំបន្តិចទៅបង បងជាមនុស្សពូកែតិចទៀតបងធ្វើបានហើយ អូនលើកទឹកបងបែបនេះរហូត តាំងពីបងនៅចំណុចសូន្យ រហូតបានមកដល់ចំនុចមួយដែលល្អប្រសើរ ហើយអូនបានធ្វើឱ្យបងបានចាកចេញពីក្តីស្រមៃដ៏ធំរបស់បង។ ការខំប្រឹងប្រែងដើម្បីជួយប្អូនៗ និង គ្រួសារ ជីវិតកូនដែលកំព្រាឪពុកទាំង ២ នាក់ ពួកខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់ ព្រោះតែចង់ឱ្យខ្លួនមានជីវភាពធូរធារ លើកទឹកចិត្តឱ្យគ្នាម្នាក់ម្តងៗ ពេលដែលហត់ខ្លាំងពួកខ្ញុំតែងសួរគ្នាថា «ហត់អត់ធ្វើការថ្ងៃនេះ» ហើយញញឹមដាក់គ្នាបន្តដំណើរទៅមុខទៀត។ យើងតស៊ូលំបាកស្ទើរតែគ្រប់បញ្ហាមាន ផ្អែម ល្វីង ជូ ចត់ ពេលខ្លះយ៉ាងឈ្លោះគ្នាខ្លាំង តែយើងមិនដែលគិតថាបោះបង់ចោលគ្នាទេ ហើយក៏និយាយសុំទោសរៀងខ្លួន ។ រយៈពេល ២ ឆ្នាំនេះ អូនបានបង្ហាញឱ្យបងឃើញថាអូនពិតជាមនុស្សស្រីដែលល្អណាស់សម្រាប់បង អរគុណរឿងល្អៗដែលយើងបានបំពេញឱ្យគ្នាកន្លងមក អរគុណណាអូន លីម សុឆយី Ahh Meaw បងស្រឡាញ់អូនខ្លាំងណាស់»៕