ដឹងមូលហេតុនេះរឹតតែស្រណោះ Coco Lee អាចមិនមែនបាត់បង់ជីវិត ព្រោះធ្វើអត្តឃាតខ្លួនឯងទេ
រឿងរ៉ាវមរណភាពរបស់តារាចម្រៀងចិនកាត់អាមេរិក Coco Lee នៅតែក្លាយជាប្រធានបទក្តៅមិនទាន់រលត់ឡើយ នៅលើប្រព័ន្ធផ្សព្វផ្សាយចិន ក្នុងនោះដែរនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ ក៏មានព័ត៌មានចិន Sohu និង Sina បានបង្ហើបអំពីមូលហេតុពិតប្រាកដនៃការស្លាប់របស់តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះដែរ។
មុនកើតហេតុដ៏អាក្រក់នេះឡើង Coco Lee បានអារ-កដៃខ្លួនឯង ដោយសារតែសុខភាពរបស់នាងខុសប្រក្រតី នាងក៏បានរត់ចេញពីបន្ទប់ទឹកដើម្បីខលទូរស័ព្ទសុំជំនួយ បន្ទាប់ពីព្យាយាមធ្វើអត្តឃាត។ ហើយនេះក៏ជាសញ្ញាបង្ហាញថា នាងបានភ្ញាក់ស្មារតី ក្រោយដឹងថាខ្លួនឯងកំពុងព្យាយាមធ្វើរឿងល្ងង់ខ្លៅដាក់ខ្លួនឯង។
ទោះជាយ៉ាងណា ដោយសារតែរបួសរបស់នាងធ្ងន់ធ្ងរពេក តារាស្រីរូបនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ក្នុងបន្ទប់ ICU។ បើតាមការឱ្យដឹងបន្ថែមពីព័ត៌មានលម្អិតរបស់ Coco Lee អំឡុងពេលបញ្ជូនទៅចូលឡានសង្គ្រោះ នាងមានអាការក្អួតខ្លាំងរហូតសន្លប់លែងដឹងខ្លួន ប៉ុន្តែមូលហេតុសំខាន់នោះគឺអាការនាងពិបាកដកដង្ហើម បណ្តាលឱ្យដាច់សរសៃខួរក្បាលស្លាប់តែម្ដង។
លើសពីនេះ វេជ្ជបណ្ឌិតក៏បានចេញសេចក្តីប្រកាសអំពីករណីស្លាប់របស់ Coco Lee ដោយសារតែការស្លាប់របស់នាងគឺជារឿងមួយដែលមិនធម្មតា ហើយក្រុមគ្រួសាររបស់នាងបានរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យ ដើម្បីកំណត់ពីមូលហេតុពិតនៃការស្លាប់របស់ Coco Lee ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្អូនស្រីរបស់តារាស្រីរូបនេះក៏បានបញ្ជាក់ហើយថា Coco Lee មិនបានស្លាប់ដោយសារការធ្វើអត្តឃាតទេ តែដោយសារជំងឺដែលនាងបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ នៅពាក់កណ្តាលឆ្នាំ ២០២២ ហើយព្យាយាមលាក់បាំងមិនឱ្យក្រុមគ្រួសារដឹង និង សំងំទៅធ្វើការវះកាត់តែម្នាក់ឯងនៅឯមន្ទីរពេទ្យ៕