ខ្ជិលទុកទៀត Janie ទម្លាយច្បាស់ៗ ក្រោយមហាជនជជីកសួរនាំរឿងយកកូនទី ២ ច្រើនពេក
តារាសម្ដែងស្រី Janie Theaphosuwan ជាតារាស្រីម្នាក់ដែលបានជួបព្យុះភ្លៀងជីវិតដ៏ធំបំផុតស្ទើរតែមិនអាចទប់ទល់បាន។ កន្លងមក តារាស្រីរូបនេះ បានជួបជីវិតគូដ៏សែនអួអាប់ និង ឈឺចាប់បំផុត ដោយនាងត្រូវបានមនុស្សដែលខ្លួនស្រឡាញ់ដែលជាអតីតស្វាមី វាយធ្វើបាបទាំងផ្លូវកាយ និង ផ្លូវចិត្ត រហូតធ្វើឱ្យជីវិតអំឡុងពេលនោះងងឹតសូន្យសុង និង សម្រេចចិត្តចែកផ្លូវគ្នារស់រៀងខ្លួនវិញ។
ដូចពាក្យចាស់តែងពោលថា ក្រោយភ្លៀងមេឃតែងស្រឡះ ហាក់មិនខុសអ្វីពីជីវិតតារាស្រី Janie សោះឡើយ ដោយបន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីទៅ មិនយូរប៉ុន្មានតារាស្រីរូបនេះក៏បានរកឃើញអ្នកមកថែបេះដូងថ្មី គឺតារាប្រុស Micky ដែលជាបុរសមានរូបសង្ហាចិត្តទូលាយ និង មានអាយុប្អូននាងជាង ១០ ឆ្នាំឯណោះ។ក្រោយពីបានជួបស្នេហ៍ពិត តារាស្រី Janie និង Micky បានចាប់ដៃគ្នារៀបការសាងសុភមង្គល ដោយពេលនេះអ្នកទាំងពីរទទួលបានកូនស្រីម្នាក់ជាចំណងដៃ។
ជារឿយៗ មហាជនតែងបានឃើញពីភាពផ្អែមល្ហែម របស់នាង និង ស្វាមីនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមមិនសូវដាច់ឡើយ រហូតនាំឱ្យអ្នកគាំទ្រតែងជជីកសួរនាំថា តើនាងនឹងយកកូនបន្ទាប់ដែរឬយ៉ាងណា? ដោយឡែក ងាកទៅមើលតារាស្រី Janie វិញ ទន្ទឹមនឹងឃើញសំណួរច្រើនជជីកសួរដដែលៗជុំវិញរឿងយកកូនទី ២ នេះ គេឃើញថាអ្នកម៉ាក់កូន ១ រូបនេះបានទម្លាយច្បាស់ៗថា ៖ «អាយុនាង ៤១ ឆ្នាំហើយ ដូចនេះនាងប្រហែលមិនអាចយកកូនបន្ទាប់ឡើយ ព្រោះសុខភាពទ្រាំទ្រលែងរួចហើយ»៕