មួយគូទៀតហើយ! ផ្ទុះសង្ស័យគូស្នេហ៍ដ៏ផ្អែមល្ហែម Jes និង Vill មានរឿងរកាំរកូសនឹងគ្នា
អស់រយៈពេលប្រមាណជា ៥ ឆ្នាំមកហើយ ដែលគូស្នេហ៍តារាប្រុស លោក Jes Jespipat និង តារាស្រីស្រស់ Vill Wannarot មានទំនាក់ទំនងស្អិតល្មួតជាមួយគ្នា ដែលធ្វើឱ្យមហាជនចាំអ៊ុតមើលតែថ្ងៃចូលរោងការតែប៉ុណ្ណោះ។
កន្លងមកតារាស្រីប្រុសគូនេះ តែងបានបង្ហោះរូបភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមពុំសូវជាដាច់ឡើយ ដែលនាំឱ្យមហាជនតាមដានជារឿយៗ។ ដោយឡែក ថ្មីៗនេះ ស្រាប់តែគេឃើញបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់តារាប្រុសគូនេះស្ងាត់ពុំសូវជាបានបង្ហាញរូបភាពគូដូចពីមុនឡើយ ដែលនេះបានធ្វើឱ្យអ្នកគាំទ្រដាក់ការសង្ស័យថាគូស្នេហ៍អ្នកទាំងពីរកំពុងរកាំរកូសនឹងគ្នា។
តួយ៉ាងកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ស្រីស្រស់ Vill បានបង្ហោះរូបភាពជាមួយនឹងម្តាយដែលនាំគ្នាទៅលម្ហែកាយនៅសមុទ្រយ៉ាងរីករាយ ហើយគេឃើញមានអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញមតិ ថាតារាប្រុស Jes និង Vill ចែកផ្លូវគ្នា ដោយមានមតិខ្លះលើកឡើងថា ៖ «ចែកផ្លូវគ្នាជាមួយនឹង Jes មែនទើបពុំសូវឃើញបង្ហោះរូបភាពគូជាមួយគ្នា, ធម្មតាគូស្នេហ៍មួយគូនេះផ្អែមល្ហែមណាស់បើចែកផ្លូវគ្នាមែនពិតជាគួរឱ្យសោកស្តាយ , មិនឃើញរូបភាព និង វីដេអូស្និទ្ធស្នាលគ្នាមកយូរហើយ រួមនឹងមតិច្រើនទៀត»។ យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យពីសំណាក់មហាជនប៉ុណ្ណោះ សម្រាប់រឿងរ៉ាវពិតទៅជាយ៉ាងណា មានតែរង់ចាំការបកស្រាយពីសាមីខ្លួនផ្ទាល់៕