ស្ងាត់ៗតែច្បាស់លាស់! Son Dongwoon សមាជិកក្រុម Highlight ប្រកាសរៀបការហើយ
កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាចម្រៀងវ័យក្មេងក្នុងក្រុមចម្រៀង Highlight លោក Son Dongwoon បានធ្វើការបង្ហោះសារសរសេរដោយដៃយ៉ាងវែងអន្លាយមួយលើគណនី Instagram របស់លោក ដោយប្រកាសប្រាប់អ្នកគាំទ្ររបស់លោកពីដំណឹងដ៏ល្អមួយថា រូបលោក និង គូស្នេហ៍ជាអ្នកក្រៅសិល្បៈ បានចាប់ដៃគ្នាឆ្ពោះទៅការរៀបការហើយ នៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ។
តារាប្រុស Son Dongwoon បានសរសេររៀបរាប់ក្នុងអត្ថន័យថា ៖ «សួស្តី នេះគឺ Dongwoon របស់ក្រុម Highlight ។ យូរហើយដែលខ្ញុំខានបានសរសេរសំបុត្រដោយដៃបែបនេះ វាអាចភ្លាមៗពេក ខ្ញុំភ័យណាស់ ហើយប្រុងប្រយ័ត្នខ្លាំងណាស់ដែរឥលូវនេះ ព្រោះខ្ញុំដឹងច្បាស់ថារឿងនេះវាអាចធ្វើឱ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល ហើយក៏ធ្វើឱ្យពិបាកចិត្តដែរ ប៉ុន្តែខ្ញុំបានយកចិត្តក្លាហានសរសេរនេះ ព្រោះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាមុនគេ»។
លោកបានបន្តថា ៖ «ទីបំផុតខ្ញុំបានរកឃើញអ្នកដែលយល់ពីខ្ញុំ រហូតអាចធ្វើឱ្យខ្ញុំគិតថាខ្ញុំនឹងសង្ឃឹមថា ខ្ញុំនឹងអាចចំណាយពេលជាមួយនាងមួយជីវិតបាន ទើបខ្ញុំសម្រេចចិត្តថាពួកយើងនឹងរៀបការនៅខែកញ្ញា ខាងមុខនេះ។ មិនតែប៉ុណ្ណោះ Dongwoon បានបន្ថែមទៀតពីអនាគតភរិយារបស់ខ្លួនទៀតថា ៖ «ដោយសារតែនាងមិនមែនជាអ្នកនៅក្នុងសិល្បៈនោះទេ ដូច្នេះហើយពួកខ្ញុំនឹងរៀបចំពិធីរៀបការដោយស្ងាត់ៗ ដោយមានតែក្រុមគ្រួសារ និងអ្នកស្និទ្ធស្នាលប៉ុន្មាននាក់តែប៉ុណ្ណោះ»៕