ផ្ទុះការបារម្ភ អាជីពសិល្បៈរបស់ Cai Xukun អាចធ្លាក់ដល់បាតដូច Kris Wu ព្រោះរឿងអាស្រូវស្នេហា
ថ្មីៗនេះ ព័ត៌មានចចាមអារ៉ាមរបស់តារាចម្រៀងប្រុសវ័យក្មេង Cai Xukun ដែលបានចុះផ្សាយថា លោកបានជ្រុលខ្លួនក្នុងរឿងអាស្រូវស្នេហារហូតធ្វើឱ្យនារីម្នាក់មានផ្ទៃពោះ ហើយបង្ខំឱ្យនាងរំលូតកូនចេញ។ សម្រាប់រឿងអាស្រូវនេះបានប៉ះពាល់ដល់កិត្តិយសរបស់តារាប្រុសរូបនេះជាខ្លាំង ក្នុងវិស័យសិល្បៈ ខណៈប្រជាប្រិយភាពបច្ចុប្បន្នរបស់លោក កំពុងល្បីល្បាញត្រូវបានមហាជនពេញចិត្ត។
ទោះជាយ៉ាងណា ក្នុងរឿងអាស្រូវស្នេហារបស់ Cai Xukun កំពុងតែត្រូវបានមហាជនក្នុងបណ្តាញសង្គមបានរកឃើញមានករណីស្រដៀងគ្នាជាមួយនឹងព័ត៌មានអាស្រូវដ៏ធ្ងន់ធ្ងររបស់លោក Kris Wu ជាពិសេស គឺមានការចូលដៃអន្តរាគមន៍ពីម្តាយ។
នេះបើតាមប្រភពពី Weibo បាននិយាយអំពីរឿងអាស្រូវរបស់ Cai Xukun បានអូសបន្លាយបញ្ហានេះមកដល់ខែកក្កដា ឆ្នាំ ២០២១ ដោយម្ដាយរបស់តារាប្រុសរូបនេះ បានចរចាលើថ្លៃសំណងផ្តល់ឱ្យនារីរូបនោះចំនួន ៦៩ ២០៩ ដុល្លារអាមេរិក។ លើសពីនេះ គាត់ក៏បានជួលអ្នកស៊ើបអង្កេត ដាក់កាមេរ៉ាមុខផ្ទះរបស់នាងដើម្បីតាមដាន នាងផងដែរ។
ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺព័ត៌មានចចាមអារ៉ាមរបស់ Kris Wu ដែលបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយអនីតិជន បានបែកធ្លាយចេញនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ ដោយមានម្ដាយលូកដៃក្នុងថ្លៃសំណងដល់នារីទាំងនោះ ចំនួន ៦៩ ២០៩ ដុល្លារអាមេរិក ផងដែ។ ដោយសារតែមានភាពស្រដៀងគ្នាបែបនេះហើយ ទើបបានជាមហាជនកាន់តែព្រួយចិត្ត ព្រោះតែម្ដាយរបស់តារាប្រុសទាំងពីរ បានចេញមុខមកដោះស្រាយរឿងអាស្រូវជំនួសកូនប្រុសរបស់គាត់៕