(វីដេអូ) ភ្ញាក់ផ្អើល! តារាសម្តែង អេង វ៉ាណង បង្ហាញស្ថានភាពកំពុងកើតជំងឺមហារីករហូតកោរសក់អស់
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសិល្បករ សិល្បការិនីជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាសម្តែងភាពយន្ត អ្នកនាង អេង វ៉ាណង បានបង្ហោះរូបភាពជាច្រើនសន្លឹកពីស្ថានភាពជំងឺរបស់អ្នកនាងនៅក្នុងមន្ទីរពេទ្យ ដោយបានគេងសម្រាកលើគ្រែ និង កោរសក់អស់ពីក្បាល ព្រមទាំងបានឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមថា អ្នកនាងមានជំងឺមហារីក។
អ្វីដែលកាន់តែធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់អ្នកនាង អេង វ៉ាណង នោះ ក៏ព្រោះតែអ្នកនាងបានបង្ហោះសារថា៖ «ម៉ាក់ខំអស់ពីលទ្ធភាពហើយ អស់ទាំងកម្លាំងកាយចិត្ត អស់ទាំងលទ្ធភាពព្យាបាល។ ម៉ាក់មិនដឹងថា ត្រូវទ្រាំបានដល់ពេលណាទេ? បើថ្ងៃណាមួយលែងមានម៉ាក់ កូនត្រូវតែមើលថែខ្លួនណា! ម៉ាក់មានតែពាក្យថាស៊ូ ម៉ាក់នឹងខំបន្តយកឈ្នះជំងឺដ៏កាចសាហាវមួយនេះ ដើម្បីកូនៗរបស់ម៉ាក់ទាំង ៣។ អរគុណអ្នកមានគុណរបស់កូន! អរគុណ បងប្អូនអ្នកសិល្បៈទាំងអស់គ្នា និង បងប្អូនក្នុងហ្វេសប៊ុកទាំងអស់ ដែលសួរសុខទុក្ខ។ ពីនាងខ្ញុំ អេង វ៉ាណង»។
គួរឱ្យដឹងថា អ្នកនាង អេង វ៉ាណង គឺជាតារាសម្តែងស្រីមានប្រជាប្រិយភាពមួយរូប ដោយបានចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគជាច្រើនប្រចាំស្ថានីយទូរទស្សន៍នានា។ ក្នុងនោះ តារាស្រីរូបនេះ មិនដែលបានប្រកាសថាខ្លួនមានជំងឺប្រចាំកាយនោះទេកន្លងមក ស្រាប់តែថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពកំពុងមានជំងឺមហារីក ជ្រុះសក់អស់ រហូតសម្រេចកោរសក់ចេញ។
យ៉ាងណា មហាជនអ្នកគាំទ្រ និង មិត្តសិល្បៈជាច្រើន ក៏បានចូលទៅបញ្ចេញមតិផ្តល់កម្លាំងចិត្ត និង ជូនពរដល់អ្នកនាង អេង វ៉ាណង ឱ្យបានធូរស្បើយផងដែរ៕