កូនអាយុ ៣ ឆ្នាំហើយ! នី រតនា និង ភរិយា ដឹកដៃគ្នាទៅបង្កើនភាពផ្អែមល្ហែមនៅក្រៅប្រទេស ដូចទើបសាងស្នេហ៍ថ្មីថ្មោង
ពិតណាស់ ជារឿយៗតារាចម្រៀង នី រតនា និង ភរិយាបណ្ដូលចិត្ត តែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងសេចក្ដីសុខក្នុងគ្រួសារតូចរបស់ពួកគេ ដែលតែងបង្ហាញនៅលើបណ្ដាញសង្គមក្នុងរយៈពេលដែលសាងស្នេហ៍ ៧ ឆ្នាំ និង ចាប់ដៃសាងគ្រួសារជាមួយគ្នាជាង ៣ ឆ្នាំមកនេះ។ ជាពិសេសជាមួយចំណងដៃកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ ដែលបានធ្វើឱ្យមហាជនលួចសរសើរនឹងសុភមង្គលពួកគេមិនស្ទើរនោះទេ។
ជាក់ស្ដែង ថ្មីៗនេះ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៅទៀតពីជីវិតគ្រួសាររបស់តារាចម្រៀងប្រុស នី រតនា ក្រោយពីឃើញលោកបញ្ចេញរូបភាពដើរកម្សាន្តនៅក្រៅប្រទេស គឺប្រទេសអូស្ត្រាលី ជាមួយនឹងភរិយាបណ្ដូលចិត្ត ដែលបង្ហាញពីសកម្មភាពយ៉ាងផ្អែមល្ហែមថតរូបជាមួយគ្នាតែពីរនាក់ ដោយមិនឃើញមានវត្តមានរបស់កូនស្រី ដែលមើលទៅពិតជាមានភាពរ៉ូមែនទិចខ្លាំងប្រៀបដូចនឹងគូស្នេហ៍ដែលទើបបង្កាត់ភ្លើងស្នេហ៍ថ្មីថ្មោងអ៊ីចឹង។
រូបភាពយ៉ាងផ្អែមល្ហែមនេះដែរ ធ្វើឱ្យបណ្ដាអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនរបស់តារាប្រុសរូបនេះ បានបង្ហាញពីចិត្តលួចច្រណែនពីក្ដីសុខរបស់អ្នកទាំងពីរ ព្រមទាំងបានខមមិនជូនពរដល់អ្នកនាង និង ក្រុមគ្រួសារកាន់តែទទួលបាននូវសុភមង្គលជាងនេះថែមទៀត៕