Matt តបច្បាស់ៗថា កំពុងរើបង្វិចចេញពីផ្ទះ Songkarn ថែមបញ្ជាក់ពីទំនាក់ទំនងនឹងបុរសរូបនេះ
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយ ពីរឿងរ៉ាវជីវិតស្នេហារបស់តារាស្រី Matt Peranee ថាមកទល់ពេលនេះ នាងនៅមិនទាន់ទទួលបានស្នេហ៍ពិតនោះទេ ទាំងដែលមហាជនគិតថា Songkarn អាចជាគូស្នេហ៍ចុងក្រោយរបស់នាង តែបែរជាចំណងស្នេហ៍ទៅមុខមិនរួចបញ្ចប់ពាក់កណ្តាលទីទៅវិញ។
ក្រោយបែកគ្នាជាមួយអតីតគូស្នេហ៍មិនបានប៉ុន្មាន គេសង្កេតឃើញថា តារាមួយគូនេះ បណ្តើរមនុស្សប្លែកមុខរៀងៗខ្លួនយ៉ាងស្និទ្ធស្នាល ដែលធ្វើឱ្យមហាជនសង្ស័យថា ជាស្នេហ៍ថ្មីរបស់អ្នកទាំងពីរថែមទៀតផង។
ទោះយ៉ាងណា ជុំវិញរឿងបណ្តើរបុរសប្លែកមុខម្នាក់កាលពីពេលកន្លងទៅនោះដែរ ពេលនេះ តារាស្រី Matt Peranee បានចេញមុខបកស្រាយហើយថា ទំនាក់ទំនងរវាងនាង និង បុរសរូបនោះគ្រាន់តែជាមិត្តនឹងគ្នាតែប៉ុណ្ណោះ។ ចំណែក រឿងបេះដូងនាងមិនទាន់ហ៊ានបើកទទួកយកអ្នកណាឡើយ ព្រោះមិនចង់ជួបរឿងដដែលៗ។ មួយវិញទៀត ពេលនេះនាងក៏រើបង្វិចចេញពីផ្ទះអតីតគូស្នេហ៍ជិតអស់ដូចគ្នា៕