សាន់ឆាយ ក្ដៅស្លឹកត្រចៀក ចាត់ការពិធីករម្នាក់តាមផ្លូវច្បាប់ ក្រោយចោទថា ប្តីនាងលេងថ្នាំ
ថ្មីៗនេះ តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu បានចាត់វិធានការក្តៅប្រឆាំងនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនលើ DJ Koo ជាស្វាមីបច្ចុប្បន្នរបស់នាង។
ដើមហេតុនាំឱ្យតារាស្រីរូបនេះក្ដៅស្លឹកត្រចៀកនោះ គឺដោយសារតែពិធីករតៃវ៉ាន់ម្នាក់ឈ្មោះ Mickey Huang បានបង្ហោះវីដេអូបង្ហាញពីទង្វើខុសច្បាប់របស់តារាល្បីៗ ដោយក្នុងនោះលោកបាននិយាយថា៖ «Koo Jun Yup បានអូសខ្ញុំចូលបន្ទប់ទឹក ហើយបង្ខំខ្ញុំឱ្យលេងថ្នាំ»។
ទាក់ទិននឹងរឿងនេះដែរ តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu និង ប្អូនស្រីបង្កើតរបស់នាង បានចេញមុខតបតភ្លាមៗ និង ប្រកាន់គោលជំហររបស់នាង ចំពោះពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងគ្រឿងញៀននេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងភាគីរបស់ Barbie Hsu បានប្រកាសថា៖ «ករណីនេះ ត្រូវបានតុលាការស៊ើបអង្កេតហើយ តាំងពីឆ្នាំ ២០០៤។ សូមកុំសន្មតថា Koo Jun Yup ប្រើគ្រឿងញៀន ដោយសារគាត់ធ្លាប់ធ្វើការនៅក្លឹប ហើយ Barbie Hsu ក៏មិនអាចលេងថ្នាំខុសច្បាប់នោះដែរ ដោយសារតែនាងមានជំងឺបេះដូង ដូច្នេះ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងការចោទប្រកាន់គ្មានមូលដ្ឋាននេះ»។
បន្ទាប់ពីភាគីរបស់ Barbie Hsu បានចេញសេចក្តីប្រកាសភ្លាម មិនយូរប៉ុន្មាន ពិធីករ Mickey Huang ក៏បានលុបចោលវីដេអូដែលបានទម្លាយចេញនៅប្រព័ន្ធផ្សព្វផ្សាយ៕