ក្រៅពីច្រៀង Cover បទគេ ស្រីស្អាតអកកាដង់ សុខុម រចនា ទម្លាយថាមានបទ Original Song ផ្ទាល់ខ្លួន ៣ បទ
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បាននាំគ្នាជជែកវែកញែកពាក់ព័ន្ធនឹងបទចម្រៀង «How About Now?» ក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ បន្ទាប់ពី សុខុម រចនា ដែលបានច្រៀង Cover បទចម្រៀងមួយបទនេះ ធ្វើឱ្យផ្ទុះល្បីល្បាញកាន់តែខ្លាំង យកទៅច្រៀងលើឆាក The Voice Cambodia រដូវកាលទី ៣ ព្រមទាំងពោលពាក្យអរគុណអ្នកគាំទ្រដែលបានចុចចូលទស្សនាបទនេះរហូត ៣០ លានដង។
សកម្មភាពរបស់ សុខុម រចនា បានបង្កឱ្យផ្ទុះការបញ្ចេញមតិវែកញែកយ៉ាងច្រើនស្អេកស្កះពីមហាជន ដោយមានការប្រតិកម្មឆ្លើយតបថា រចនា ត្រឹមជាអ្នក Cover ប៉ុណ្ណោះ ប៉ុន្ដែបង្ហាញទង្វើហាក់បីដូចជាម្ចាស់ទៅវិញ ខណៈលោក ជី ដេវីត ដែលជាម្ចាស់បទពិតប្រាកដ បែររក្សាភាពស្ងៀមស្ងាត់ទៅវិញ។ តែយ៉ាងណាក៏មានមហាជនមួយចំនួនលើកឡើងពីទេពកោសល្យរបស់ រចនា ដែលនាងនៅវ័យក្មេង តែមានសំឡេងពីរោះ មានសមត្ថភាព និង ភាពក្លាហានពេញខ្លួន។
ជាក់ស្ដែង ក្រៅពីជាអ្នកចម្រៀងតាមឆាកតន្រ្តីអកកាដង់ និង ជាអ្នកចម្រៀង Cover ហើយនោះ សុខុម រចនា ក៏ជាតារាចម្រៀង Original Song មួយរូប ដែលមានបទចម្រៀងផ្ទាល់ខ្លួនចំនួន ៣ បទ។ ឆ្លើយតបជាមួយគ្នាគាំទ្រតាមរយៈការខំមិននៅលើគណនី Tiktok សុខុម រចនា បានបញ្ជាក់ឱ្យដឹងថា នាងមានបទចម្រៀង Original Song ចំនួន ៣ បទគឺ «ខ្ញុំស្អប់ស្នេហា», «មិត្តលើសពីមិត្ត» និង បទ «ស្នេហ៍ស្មោះអស់និស្ស័យ»៕