ពេលផ្ទុះកក្រើកឡើងវិញ តារាចម្រៀង Emo មិត្តស្និទ្ធនឹង ជី ដេវីដ លើកឡើងបែបនេះ ពាក់ព័ន្ធបទ «How About Now»
កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ កញ្ញា សុខុម រចនា ដែលត្រូវបានគេស្គាល់ថាជាអ្នក Cover បទ «How About Now ?» ដែលជាបទចម្រៀងផ្ទុះការគាំទ្រខ្លាំងលើហ្វេសប៊ុក និង TikTok បានចូលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ ដោយកំពុងតែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្របទ Cover របស់នាងបានបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់រូបនាង។
ទន្ទឹមនឹងនោះ សុខុម រចនា ថែមទាំងបានច្រៀងបទ «How About Now ?» ឱ្យគណៈកម្មការទាំង ៤ ឡើងរាំយ៉ាងកក្រើកឆាកទៀតផង។ លើសពីនេះ រចនា ក៏បាននិយាយអរគុណមហាជនដែលបានចុចចូលមើលបទចម្រៀង Cover មួយបទនេះ យ៉ាងច្រើនសន្ធឹកសន្ទាប់ នៅលើឆាកប្រកួតចម្រៀង The Voice Cambodia រដូវកាលទី ៣ ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពី សុខុម រចនា លើកឡើងបែបនេះ គេស្រាប់តែឃើញមានមហាជនជាច្រើន បាននាំគ្នាចូលទៅបញ្ចេញយោបល់វែកញែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ព្រាត ដោយខ្លះសរសើរទៅលើទេពកោសល្យច្រៀងរាំរបស់នាង អាច Cover បទចម្រៀងមានអ្នកចុចចូលមើលច្រើន ចំណែកខ្លះទៀតក៏បានលើកឡើងក្នុងន័យដាស់តឿនថា បទ «How About Now?» គឺលោក ជី ដេវីត ជាម្ចាស់ដើម កុំឱ្យមានការយល់ច្រឡំ ជាដើម។
ជាក់ស្តែង ងាកទៅកាន់តារាចម្រៀង និង ជាអ្នកនិពន្ធលោក Emo Composer ដែលជាមិត្តស្និទ្ធស្នាលរបស់លោក ជី ដេវីដ ក៏បានបង្ហោះសារ និង screenshot យករូបភាពនៃ MV «How About Now» របស់លោក ជី ដេវីដ នៅលើ Youtube ដោយរៀបរាប់ថា ៖ «បញ្ជាក់ បទ How about now ជាបទរបស់ G-Devith។ សូមពិនិត្យឱ្យបាន ច្បាស់ប្រយ័ត្នប៉ះរបស់ ក្លែងក្លាយ»៕