មហាជននឹករឭកអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ក្រោយតារាសម្តែង យុត្ថារ៉ា ឆានី បង្ហោះរូបប៉ុន្មានសន្លឹកនេះ
ថ្មីៗនេះ មហាជនអ្នកគាំទ្រអតីតតារាភាពយន្តជើងចាស់លោក យុត្ថារ៉ា ឆានី កំពុងចាប់អារម្មណ៍រូបភាពប៉ុន្មានសនឹ្លកផុសនៅលើគណនីហ្វេសប៊ុក និង ផេកហ្វេសប៊ុករបស់លោក ដែលថតជាមួយនឹងអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង។
ក្នុងនោះ ក្រៅពីមហាជនចូលទៅបញ្ចេញមតិសំណេះសំណាលជាមួយលោក យុត្ថារ៉ា ឆានី ក្រោមរូបភាពប៉ុន្មានសន្លឹកហើយនោះ ក៏មានមហាជនជាច្រើនចាប់អារម្មណ៍រូបភាព ២ សន្លឹក របស់លោក យុត្ថារ៉ា ឆានី ថតជាមួយនឹងអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង និង មានអ្នកលើកឡើងពីក្តីនឹករឭកដល់តារាចម្រៀង ឆោម ប៊ុនយ៉ុង ទៀតផង។
ជាការពិតណាស់ អតីតតារាសម្តែង យុត្ថារ៉ា ឆានី និង អតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង បានចាកឆ្ងាយពីអាជីពសិល្បៈដូចគ្នា គ្រាន់តែលោក យុត្ថារ៉ា ឆានី នៅបន្តបង្ហាញវត្តមានលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗដូចដើម តែចំពោះអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ឯនោះវិញ បើគិតមកដល់ពេលនេះ រយៈពេលប្រមាណ ១៥ ឆ្នាំ ហើយដែលបានបាត់ឈឹងតែម្តងលើវិថីសិល្បៈ។
កន្លងមក សារព័ត៌មាន «ប្រជាប្រិយ» ធ្លាប់បានលើកយកដំណឹងអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង មកជម្រាបជាច្រើនដងហើយដែរ ពោលគឺក្រោយបាត់មុខយ៉ាងយូរពីសិល្បៈនោះ អតីតតារាចម្រៀងរូបនេះ បានលាចាកភាពល្បីល្បាញមកក្លាយជាអ្នកបួស ដោយដំបូងព្រះអង្គបានបួសនៅវត្តរាមាជើងព្រៃ នាខេត្តកំពង់ចាម។ បច្ចុប្បន្ន ព្រះអង្គ កំពុងរស់នៅក្នុងជីវិតស្ងប់សុខក្នុងវត្តអារាមមួយនៅរាជធានីភ្នំពេញ៕