ក្តៅដូចទឹកពុះគ្រុកៗ! ណុប បាយ៉ារិទ្ធ ពន្លះផាំងៗ ក្រោយមានគេបោះសម្តីបំពានហៅគណៈកម្មការថា «អា Coach ៤ ក្បាល»
ថ្មីៗនេះ មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ លោក ណុប បាយ៉ារិទ្ធ កំពុងតែចាប់អារម្មណ៍សារមួយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនេះ ដែលបានសរសេររៀបរាប់បង្ហាញពីអារម្មណ៍របស់ខ្លួនកំពុងខឹងដល់អ្នកលេងហ្វេសប៊ុកមួយរូប ដែលបានហៅលោកថា «អា» ពេញៗមាត់។
សារនោះ លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ថា ៖ «សម្តីសជាតិ មាយាទសពូជ» នេះជាសុភាសិតខ្មែរដែលចាស់ទុំតែងអប់រំកូនចៅគ្រប់គ្នា។ ពាក្យទិតៀនស្ថាបនាខុស ពីការប្រមាថមើលងាយ។ តើឆ្លុះបញ្ចាំងអ្វីពីខ្លួនអ្នកវិញ? អ្នកចង់បង្ហាញថាពួកខ្ញុំអន់ ឬ ឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌ សុជីវធម៌ ចំណេះដឹងរបស់អ្នកអន់? ច្រៀងអន់ អាចរៀនច្រៀងបាន អាចចំណាយពេលហ្វឹកហាត់បង្កើនសមត្ថភាពបាន! តែបើឈ្លើយ អត់សុជីវធម៌ហើយ គឺសណ្តាន ហើយអាចពិបាកត្រង់ត្រូវទៅអង្គុយរៀនមុខវិជ្ជាសុភាវធម៌ជាមួយក្មេងៗអាយុស្របាលកូនខ្លួនឯងម្តងទៀត ឬយ៉ាងណា? ប្រើសម្តីបែបនេះ ទើបអាចសាងមោទកភាពដល់ខ្លួនឯង និង ដល់ប្រពន្ធកូន? ប្រើភាសារបែបនេះ ទើបអួតគេថាសមជាមនុស្សចេះដឹង? គេមើលមកថាឡូយ? បង្ហាញពីគុណតម្លៃ និង កិត្តិយសរបស់ខ្លះនឯង? ពាក្យ «ក្បាល» គេប្រើជាមួយសត្វ អ៊ីចឹងបើអ្នកចង់ទុកពួកខ្ញុំជាសត្វ អ្នកក៏ត្រូវប្រៀបធៀបពីខ្លួនអ្នកផ្ទាល់ ជាមួយពួកខ្ញ្ញុំជាមុនសិនដូចគ្នា។ ពួកខ្ញុំមានសមត្ថភាពធ្វើអ្វីបានខ្លះ? អ្នកអាចធ្វើអីបានខ្លះ? គុណតម្លៃរបស់មនុស្សគេវាស់វែងលើចំណេះដឹង សមត្ថភាព និង លទ្ធផលដែលធ្វើបាន។ តិចចុងក្រោយតូចចិត្ត មិនហ៊ានទទួលការពិត។ តិចចេះតែមើលងាយគេ អត់ចេះមើលពីខ្លួនឯង! ក្លាហានតែមើលពីគេ មិនក្លាហានមើលពីការពិតរបស់ខ្លួនឯង។ បើសម្តីអត់សុជីវធម៌ចឹង តើមានសមត្ថភាពអប់រំកូនឱ្យធ្វើជាកូនល្អ ជាបុគ្គលល្អក្នុងសង្គមបានទេ? នេះជាគំរូដ៏អាក្រក់បំផុត»។
គួរឱ្យដឹងថា សារខាងលើនេះ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះឡើងក្រោយពីមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយរូបបានស៊ែរចែករំលែកវីដេអូរបស់លោក និង Coach ៣ រូប ផ្សេងទៀត ឡើងរាំច្រៀងជាមួយនឹងបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី ៣ ដោយភ្ជាប់សារថា ៖ «ច្រៀងឡូយ និង ពីរោះជាងអា Coach ៤ ក្បាលហ្នឹងទៀត!»៕