ស្ងាត់ៗ មាស សម្ផស្ស លើកឡើងរឿងស្នេហា ក្រោយស្ងប់ស្ងាត់ពីសិល្បៈច្រើនឆ្នាំ
កន្លងមក តារាសម្ដែងចាស់វស្សា អ្នកនាង មាស សម្ផស្ស ធ្លាប់បង្ហាញមុខក្នុងខ្សែភាពយន្ត ក៏ដូចជាវីដេអូចម្រៀងខារ៉ាអូខេជាច្រើន ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ព្រោះតែទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ បូករួមទាំងរូបសម្រស់ដែលគួរឱ្យគយគន់មិនចេះជិនណាយរបស់នាង។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ មាស សម្ផស្ស ហាក់កាន់តែឃ្លាតឆ្ងាយពីវិស័យសិល្បៈទៅៗ ធ្វើឱ្យមហាជននឹករឭកដល់កាយវិការសម្ដែងរបស់នាងជាខ្លាំង។ តែទោះជាបែបនេះ មាស សម្ផស្ស មិនបានបាត់មុខពីក្រសែភ្នែកទស្សនិកជនទាំងស្រុងនោះទេ ពោលគឺនាងនៅតែបន្តបង្ហាញមុខនៅលើបណ្ដាញសង្គមជារឿយៗ ជាមួយមុខរបរលក់សម្លៀកបំពាក់ និង ផលិតផលនៅលើអនឡាញ។
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា មាស សម្ផស្ស មានកូនស្រីធំពេញរូបពេញរាងដ៏ស្រស់សោភាម្នាក់ ប៉ុន្ដែតារាស្រីរូបនេះ មិនបានបង្ហាញមុខគ្រួសារឡើយ។ ដោយឡែកស្រាប់តែនៅសុខៗ តារាសម្ដែងដ៏ល្បីរូបនេះ បានបង្ហោះពាក្យពេចន៍គួរឱ្យចាប់អារម្មណ៍មួយពាក់ព័ន្ធរឿងក្ដីស្នេហាចំពោះបុរសលើហ្វេសប៊ុកថា ៖ «នារីដែលមានទឹកចិត្តល្អ នឹងមិនស្រឡាញ់បុរសដែលល្អគ្រប់យ៉ាងនោះទេ តែនាងស្រឡាញ់បុរសតែម្នាក់ ហើយស្រឡាញ់គ្រប់យ៉ាងដែលបុរសនោះមាន»៕