ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណារាជ ប្រតិកម្មបែបនេះ ពេលគោះប៊ូតុងបង្វិលកៅអីទៅឃើញមុខ ទីងតុង
ក្នុងសប្ដាហ៍ទី ២ នៃ កម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ Blind Auditions មហាជនអ្នកគាំទ្រក៏កំពុងចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញការបង្ហាញសមត្ថភាពរបស់ ឈិត សុវណ្ណនិមិត្ត ហៅ ទីងតុង ដែលបានបកស្រាយបទចម្រៀង «សុំពេលឈឺចាប់មួយគ្រា» ពីរោះខ្លាំង ទាក់ចិត្តគណៈកម្មការទាំង ៤ ចុចប៊ូតុងដណ្ដើមយកធ្វើកូនក្រុមរបស់ខ្លួន ព្រមទាំងកំពុងទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងពីមហាជនផងដែរ។
មហាជនបានដឹងហើយថា លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណារាជ គឺជា Coach ២ រូបដំបូងគេ ដែលបានចុចប៊ូតុងព្រមៗគ្នាយកបេក្ខជនរូបនេះ បន្ទាប់ពីមកគឺអ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង ពេជ្រ សោភា។ យ៉ាងណា អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅទៀតនោះ គ្រាន់តែដឹងថាសំឡេងដ៏ក្រអៅកំពុងបង្ហើរលើឆាកប្រកួតជា Ting Tong នោះ Coach ណុប បាយ៉ារិទ្ធ និង ឆន សុណ្ណារាជ ហាក់ទប់ចិត្តមិនជាប់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដូចមហាជនអ្នកទស្សនាបានជ្រាបហើយ បេក្ខជន លោក ឈិត សុវណ្ណនិមិត្ត ហៅ Ting Tong បានប្រកាសនៅលើឆាកហើយដែរ ថាលោកគឺជាសិល្បករមួយរូប ដែលមានទេពកោសល្យពហុជំនាញ។ ក្នុងនោះ Ting Tong គឺមានជំនាញសិល្បៈជាច្រើនរួមមាន ជាតារាចម្រៀងសម័យ ជាអ្នកច្រៀងបទប្រពៃណីភ្លេងការផង ជាតារាសម្តែង ជាពិធីករកម្មវិធីកម្សាន្ត និង ជាពិធីករកម្មវិធីព័ត៌មានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Ting Tong ក៏ជាអ្នកនិពន្ធទំនុកច្រៀង និង មានបទចម្រៀង Original Song ផ្ទាល់ខ្លួនជាច្រើនបទសុទ្ធសឹងទទួលបានប្រជាប្រិយ។
លើសពីនោះ ក្រឡេកទៅមើលជីវិតឯកជនវិញ Ting Tong គឺជាកូនប្រុសកើតក្នុងក្រុមគ្រួសារសិល្បៈពហុជំនាញតាំងពីជំនាន់លោកតា ជាពិសេសគឺផ្នែកតន្ត្រីបុរាណតាំងពីជំនាន់ដូនតាមកម្ល៉េះ។ ដោយ អ្នកម្តាយរបស់ Ting Tong ក៏ជាពិធីការិនីព័ត៌មានល្បីឈ្មោះប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គឺលោកស្រី អោម សូដានី និង លោកឪពុកជាអ្នកភ្លេងផ្នែកបុរាណ។ ដូច្នេះហើយ ទើបធ្វើឱ្យ Ting Tong មានដុង និង ទេពកោសល្យផ្នែកសិល្បៈជាច្រើន៕