ក្ដៅដូចបាយពុះ! ជេស៊ីកា ទម្លាយរឿង ព្រំ រដ្ឋា ធ្លាប់ធ្វើកិច្ចសន្យាសងតាំងពី ៥ ខែមុន តែដល់ឥលូវនៅតែមិនទាន់សង
រឿងរ៉ាងអាស្រូវជំពាក់បំណុលរបស់អតីតតារាសម្ដែង ព្រំ រដ្ឋា កាន់តែក្ដៅ និង ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន នាំគ្នាលើកយកទៅជាប្រធានបទក្ដៅគគុក ដោយខ្លះក៏សោកស្ដាយស្មានមិនដល់ថា ព្រំ រដ្ឋា ខំសាងកេរ្ដិ៍ឈ្មោះកិត្តិយសលើវិថីសិល្បៈរាប់ឆ្នាំមកហើយ ប៉ុន្ដែបែរជាត្រូវបាត់បង់ត្រឹមមួយប៉ប្រិចភ្នែក។
ដូចប្រិយមិត្តបានជ្រាបហើយ ថ្មីៗនេះ តារាសម្ដែង ជេស៊ីកា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកក្ដែងៗ សុំឱ្យ ព្រំ រដ្ឋា ជួយគិតគូរសងប្រាក់ដែលជំពាក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ហើយក្រោយមក ព្រំ រដ្ឋា ក៏បានបង្ហោះសារថ្មីមួយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលសារនោះមានអត្ថន័យរៀបរាប់ពីទុក្ខលំបាករបស់នាង ពេលសម័យកូវីដកន្លងមក នាងត្រូវបាត់បង់លុយកាក់ ការងារ ទ្រព្យសម្បត្តិ ហើយសូម្បីតែកិត្តិយសក៏រក្សាមិនបាន អ្វីដែលនៅសេសសល់ គឺមានតែជីវិតមួយប៉ុណ្ណោះ។
បន្ទាប់ពីអតីតតារាសម្ដែង ព្រំ រដ្ឋា ទម្លាយពីដើមហេតុដែលធ្វើឱ្យនាងធ្លាក់ខ្លួនជំពាក់បំណុលគេមិនទាន់អាចដោះស្រាយបាន ព្រោះបញ្ហាកូវីដ-១៩ រាតត្បាតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែ ជេស៊ីកា ក៏បានស៊ែរការផុសរបស់ ព្រំ រដ្ឋា ហើយបន្តទម្លាយរឿងអ្នកទាំងពីរធ្លាប់ធ្វើកិច្ចសន្យាសងប្រាក់តាមផ្លូវច្បាប់ជាមួយគ្នា ប៉ុន្ដែ ព្រំ រដ្ឋា បែរជាបំពានកិច្ចសន្យាទៅវិញ។
ជេស៊ីកា លើកឡើងថា ៖ «បងកុហកខ្ញុំក៏ជិត ២ ឆ្នាំដែរ បងមកខ្ចីលុយខ្ញុំ ហើយឱ្យខ្ញុំចាំចាំមកដល់ពេលនេះ បងបានធ្វើកិច្ចសន្យាមុខច្បាប់ហើយ នៅតែបំពាន បងដឹងហើយថាតាមច្បាប់បងត្រូវជួបនឹងអ្វីខ្លះ… តាំងពីបងធ្វើកិច្ចសន្យាជាមួយខ្ញុំមក ៥ ខែដែរហើយ បងដឹងខ្លួនឯងហើយថាមនុស្សដូចខ្ញុំស្រួលណាស់»៕