បវរកញ្ញាភេទទី ៣ កញ្ញា Van Be ចេញទៅប្រកួតនៅថៃហើយ ក្រោយត្រៀមខ្លួនអស់ ១ ឆ្នាំ
នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នេះ បវរកញ្ញាភេទទី ៣ កម្ពុជា កញ្ញា Van Be បានចេញដំណើរទៅប្រទេសថៃដើម្បីចូលរួមការប្រកួតប្រជែងសម្រស់ និង សមត្ថភាពក្នុងកម្មវិធី Miss International Queen 2023 ប្រកបដោយទំនុកចិត្ត និង ភាពជឿជាក់។
ក្នុងរយៈពេល ១ ឆ្នាំពេញ នៃការគ្រងមកុដជាបវរកញ្ញាភេទទី ៣ នេះ គេឃើញថាកញ្ញា Van Be បានប្រឹងដុសខាត់សមត្ថភាពរបស់ខ្លួនបានយ៉ាងល្អ ពីមួយថ្ងៃទៅមួយថ្ងៃគឺមានការរីកចម្រើនរហូត ដែលនេះបានធ្វើឱ្យមហាជនដាក់ក្តីរំពឹងខ្ពស់ថាកញ្ញាអាចនឹងនាំជ័យលាភីជូនមាតុភូមិវិញជាក់ជាពុំខាន។
ដោយឡែក ងាកមកមើលអ្នកគាំទ្រវិញ ទន្ទឹមនឹងឃើញវត្តមានស្រីស្រស់ Van Be ចេញដំណើរទៅប្រកួតនៅប្រទេសថៃហើយ ម្នាក់ៗបានបង្ហោះសារជូនពរ និង បញ្ចេញមតិលើកទឹកចិត្តដល់កញ្ញារូបនេះច្រើនព្រោងព្រាតផងដែរ។ សូមជូនផងថា កម្មវិធី Miss International Queen 2023 លើកទី ១៧ នឹងបញ្ចប់នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ ដែលកម្មវិធីនេះបានរៀបចំឡើងក្នុងទីក្រុង Pattaya ខេត្ត Chonburi ប្រទេសថៃ៕