វណ្ណដា ប្រកាសដោយចិត្តស្មោះនឹងជូនកាដូ និង សគុណ ១ ពាន់ដុល្លារ បើមានអ្នករើសបានកាបូបដៃ
កាលពីរាត្រីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ កំពូលតារាចម្រៀងរ៉េប វណ្ណដា បានប្រកាសពីដំណឹងបាត់កាបូបលុយផ្ទាល់ខ្លួនម៉ាក Gucci ដែលក្នុងនោះមានដូចជា អត្តសញ្ញាណប័ណ្ណ, Visa Card, កាតវ៉ាក់សាំង និង Membership Card ជាដើម ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។
ជាក់ស្ដែងមកទល់ពេលនេះជិត ១ សប្ដាហ៍ទៅហើយ ប៉ុន្តែម្ចាស់កាបូបផ្ទាល់បានឱ្យដឹងថា កាបូបដៃមួយនោះនៅតែមិនទាន់រកឃើញនៅឡើយទេ។ ដោយថ្មីៗនេះ វណ្ណដា បានបង្ហោះប្រកាសជាថ្មីម្ដងទៀតក្នុង IG Story របស់លោក ព្រមទាំងភ្ជាប់ជាមួយនឹង Caption ថា ៖ «មានទាំងកាដូ និង ជូនសគុណថែមពីលើ ១០០០ ដុល្លារ សម្រាប់អ្នករើសបាន។ ខ្ញុំនឹងដឹងគុណអ្នក»។
គួររំឭកផងដែរថា កាបូបដៃរបស់ វណ្ណដា បានជ្រុះបាត់នៅពេលដែលលោកកំពុងតែធ្វើការនៅក្នុង Factory Phnom Penh សម្រាប់ Project ថ្មីរបស់ពួកគេ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ៕