ក្រោយធ្លាយរឿងផ្លូវក្នុង ចែគេន ពោលទាំងឈឺចាប់ មិនគួរទុកសត្វក្រពើក្នុងផ្ទះ ឡើងធ្វើឱ្យប្តីអស់បុណ្យ
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជននិយមតាមដានផេកផ្លូវការរបស់អ្នកលក់អនឡាញល្បី ចែគេន ជាបងស្រីរបស់អតីតតារាចម្រៀងស្រី យ៉ុង ចាន់កន្និកា ច្បាស់ជាបានជ្រាបមកហើយពីមរណភាពរបស់ស្វាមីរបស់អ្នកនាង។
ក្រោយពីបញ្ចុះសព និង ធ្វើបុណ្យ ៧ ថ្ងៃ រួចរាល់តាមប្រពៃហើយនោះ នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ចែគេន បានចេញមកធ្វើការឡាយរៀបរាប់ថា ខ្លួនមិនបានដឹងពីលេខកូដសម្ងាត់កុងធនាគារក្នុងទូរស័ព្ទ និង ទូដែករបស់ស្វាមីទេ តែអ្នកនាងក៏បានដង្ហោយសុំស្វាមីឱ្យបើកផ្លូវឱ្យ ស្រាប់តែភ្លាមនោះ ចែគេន បានបើកលេខកូដសម្ងាត់ទូរស័ព្ទ កុងធនាគារស្វាមីក្នុងទូរស័ព្ទ និង ទូដែកស្វាមីបាន។
ជាងនេះ អ្វីដែលកាន់តែនឹកស្មានមិនដល់ទៀត ចែគេន បានលើកឡើងថា ស្វាមីអ្នកនាងមិនមែនស្លាប់ដោយគ្រោះថ្នាក់ចរារចណ៍ទេ គឺមានអ្នកធ្វើផ្លូវក្នុង។ ចែគេន បន្តថា ក្រោយបើកកូដទូរស័ព្ទ និង ទូដែកហើយ ចៃដន្យទូរស័ព្ទស្វាមីរបស់អ្នកនាងមួយទៀតបានរោទ៍ ចែគេន ក៏ដើរទៅយកក៏បានឃើញមានថង់មួយមានលីអូច្រើន ហើយទូរស័ព្ទនោះ គឺនៅខាងក្រោយទូរទស្សន៍ ដែលលីអូនោះបាំងពីលើ។ ថង់លីអូនោះ គឺបុគ្គលិករបស់ ចែគេន ជាអ្នកយកមកដាក់ ដោយបានលើកឡើងថា មានអ្នកជួលឱ្យប្រាក់ដល់ទៅ ២៥០០ ដុល្លារ។
យ៉ាងណាមិញ ក្រោយពីទម្លាយរឿងនោះហើយ ចែគេន បានបង្ហោះសារមួយទៀតនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ ថា៖ «ខ្ញុំមិនអីទេ! គ្រាន់តែមានអារម្មណ៍ថាខ្លួនឯងអន់ ទុកសត្វក្រពើក្នុងផ្ទះ ឡើងប្តីខ្ញុំ ស្លាប់។ ឈាមស្រែកស្បែកហៅ ជើងធូបប្តីខ្ញុំដល់ផ្ទះភ្លាម គ្រប់យ៉ាងឱ្យដឹងខ្ទេចទាំងអស់។ ប្តីដ៏សែនល្អ គ្រឹះដែលរឹងមាំរបស់អូន! ទុកពេលឱ្យអូនតិចណា អូននឹងក្រោកឈរដូចដែលយើងធ្លាប់សន្យា គឺ រឹងមាំដូចដែក»៕