Kim និង Mark រំភើបពេករហូតនិយាយបែបនេះ ក្រោយឃើញមិត្តសម្លាញ់ Yaya ត្រូវសង្សារសុំរៀបការ
កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ គូស្នេហ៍តារាសម្ដែងប្រុសស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Nadech Kugimiyas និង Yaya Urassyas បានធ្វើឱ្យមហាជនក្នុង និង ក្រៅប្រទេសមានការរំភើបចិត្តជាខ្លាំង ក្រោយឃើញទិដ្ឋភាពអ្នកកំលោះ Nadech លុតជង្គង់សុំតារាសម្ដែងស្រី Yaya រៀបការនៅប្រទេសអ៊ីតាលី។
អស់រយៈពេល ១២ ឆ្នាំហើយដែលមហាជនទន្ទឹងរង់ចាំថ្ងៃល្អរបស់អ្នកទាំងពីរ ដោយនៅទីបំផុតថ្ងៃល្អ ថ្ងៃសិរីក៏បានមកដល់មែន ដែលនាំឱ្យអ្នកគាំទ្រអរសប្បាយ រំភើបចិត្តក្រៃលែងស្ទើរតែរកអ្វីមកប្រៀបពុំបាន។ មិនមែនមានតែមហាជនប៉ុណ្ណោះដែលរំភើបសូម្បីតែតារាសម្ដែង អ្នកសិល្បៈថៃជាច្រើនក៏បានបង្ហាញអារម្មណ៍អរសប្បាយដែរ ដោយម្នាក់ៗបង្ហោះសារអបអរសាទរព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក, Twitter, Tik tok និង អ៊ីនស្តាក្រាម។
យ៉ាងណាមិញ ក្រឡេកទៅមើលស្រីស្រស់ Kimberley វិញ ក្រោយមិត្តភក្តិសម្លាញ់ចិត្តទទួលបានចិញ្ចៀនរៀបការមក នាងពិតជារំភើបចិត្តជាខ្លាំងដោយបានបង្ហោះសារលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួនថា ៖ «សុំអភ័យទោសសម្រាប់ការកុហក មែនទែនទៅវាពិតជាពិបាកខ្លាំងណាស់ក្នុងការរៀបចំ Surprise មិត្តសម្លាញ់។ សប្បាយចិត្តណាស់ដែលថ្ងៃនេះបានមកដល់ ព្រោះថាខ្ញុំជាមនុស្សដែលពិបាកកុហកណាស់ តែក៏ព្យាយាមពេញទំហឹង ដើម្បី Surprise មិត្តភក្តិ។ សូមអបអរសាទរម្តងទៀត ចំពោះគូស្នេហ៍ដ៏មានក្តីសុខជាងគេនៅលើផែនដីនេះ ខ្ញុំពិតសប្បាយរីករាយចំពោះអ្នកទាំងពីរខ្លាំងណាស់ ហើយខ្ញុំនឹងចងចាំនូវទិដ្ឋភាពទាំងនេះទុកជារៀងរហូត»។
ទន្ទឹមនឹងនោះ សម្រាប់តារាប្រុស Mark ដែលជាសង្សារ និង អនាគតស្វាមី Kimberley ក៏បានបង្ហាញអារម្មណ៍ផងដែរថា ៖ «សប្បាយចិត្តជំនួសអ្នកទាំងពីរខ្លាំងណាស់។ ពេលវេលាកន្លងទៅពិតជាលឿនណាស់ អរគុណដែលឱ្យខ្ញុំមានវត្តមានក្នុងឱកាសសំខាន់នេះ សូមស្រឡាញ់គ្នា មើលថែគ្នារហូតទៅណា»៕