ស្ងាត់ៗ! លី អ៊ីវ៉ាធីណា ចេញពីផលិតកម្មថោន ក្រោយជ្រកកោនជាង ១០ ឆ្នាំ
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ២០ ឆ្នាំ មកហើយ ដែលតារាចម្រៀងកូនកាត់ខ្មែរ-ចិន កញ្ញា លី អ៊ីវ៉ាធីណា បានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀង និង ក្តោបបានប្រជាប្រិយភាពខ្លាំង បើទោះជាមានសិល្បករ-ការិនីជំនាន់ក្រោយរះជាបន្តបន្ទាប់ក៏ពិតមែន។
រយៈពេលប្រមាណជាង ១០ ឆ្នាំ ចុងក្រោយនេះ កញ្ញា លី អ៊ីវ៉ាធីណា ក៏បានជ្រកកោនក្រោមផលិតកម្មថោន និង បានបន្តចេញបទចម្រៀងជាច្រើន ដោយសុទ្ធសឹងតែជាបទចម្រៀងមានការគាំទ្រខ្លាំងទៀតផង។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ក៏លេចធ្លាយដំណឹងមួយបានឱ្យដឹងថា កញ្ញា លី អ៊ីវ៉ាធីណា បានចាកចេញពីផលតិកម្មថោនហើយ ក្រោយជ្រកក្រោមទ្រនំនេះអស់រយៈពេលជាច្រើនឆ្នាំ។
ជាក់ស្តែង តាមការផ្តល់បទសម្ភាសជាមួយ «ប្រជាប្រិយ» កញ្ញា លី អ៊ីវ៉ាធីណា បានបញ្ជាក់ថា ខ្លួនពិតជាបានចាកចេញពីផលិតកម្មថោនមែន។ ក្នុងនោះ តារាចម្រៀងកូនកាត់ខ្មែរ-ចិន រូបនេះក៏បានបន្ថែមថា៖ «នាងបានចាកចេញពីផលិតកម្មថោននេះ ក៏មិនបានបញ្ឈប់អាជីពសិល្បៈដែរ បើទោះជាកំពុងរវល់ពង្រឹងមុខជំនួញជាច្រើនដូចជា អាហារដ្ឋាន «លិធីង ឌឹមសាំហុងកុង ស៊ុបមីលានផ្សិត» និង ហាងថែរក្សាសម្រស់ M’GENEAN ក្តី»។
កញ្ញា លី អ៊ីវ៉ាធីណា បន្ថែមទៀតថា៖ «ចាកចេញពីទ្រនំចាស់នេះ កញ្ញាក៏មិនបានទៅចូលផលិតកម្មណាដែរ គឺកញ្ញាក្លាយជាតារាចម្រៀងឯករាជ្យ ព្រមទាំងផលិតបទចម្រៀងថ្មី និង យកបទចម្រៀងចាស់ៗរបស់ខ្លួនមកច្រៀងសាជាថ្មីបង្ហោះនៅលើឆានែលយ៉ូធូបផ្ទាល់ខ្លួន។ មកទល់ពេលនេះ កញ្ញាក៏បានយកចម្រៀងចាស់ៗជាច្រើនបទហើយដែរ មកបកស្រាយឡើងវិញនោះ»៕