Ton ទម្លាយខ្ទេចគ្មានសល់ពីទំនាក់ទំនងពិត មុនក្លាយជាគូស្នេហ៍អ្នកអានព័ត៌មានល្បីប៉ុស្តិ៍លេខ ៣
ចាប់តាំងពីផ្តាច់ទំនាក់ទំនងស្នេហាជាមួយអតីតសង្សារមក Ton Arch បានបើកបេះដូងទទួលយកអ្នកថ្មីចូលមកស្អំបេះដូងដែលកំព្រាអស់រយៈពេលជាច្រើនឆ្នាំរបស់គេហើយ។ ចំពោះការប្រកាសបើកចំហពីទំនាក់ទំនងនេះដែរ មិនត្រឹមតែទទួលបានការគាំទ្រពីគ្រួសារទាំងសងខាងនោះទេ តែសូម្បីតែអ្នកគាំទ្រក៏ពោលថាស័ក្តិសមដែរ។
យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានការគាំទ្រពីសំណាក់មហាជនហើយ ថ្មីៗនេះ Ton Arch បានចេញមុខទម្លាយការពិតជុំវិញការផ្តើមស្នេហ៍របស់ខ្លួនឱ្យអ្នកគាំទ្របានស្តាប់ហើយ។ ក្នុងនោះ Ton Arch បានទម្លាយថា ទម្រាំបាន Zen Mechaka ជាអ្នកអានព័ត៌មានល្បីប៉ុស្តិ៍លេខ ៣ ក្លាយជាសង្សារបាន ដំបូងឡើយអ្នកទាំងពីរគ្រាន់តែជាមិត្តនឹងគ្នាតែប៉ុណ្ណោះ។
លើសពីនេះទៅទៀតនោះ តារាប្រុសរូបនេះក៏បានបន្ថែមទៀតថា ដោយសារតែនិស្ស័យ ភាពចុះសម្រុងនឹងគ្នា លោកក៏បានសារភាពស្នេហ៍ទៅ Zen Mechaka មុនទាំងដែលអារម្មណ៍អៀនខ្លាំង តែសំណាងក្រោយលោកសារភាពហើយ ខាងស្រីក៏ព្រមបើកបេះដូងទទួលយក និង មើលចិត្តគ្នា។
ដោយឡែក មូលហេតុដែលលោកជាប់ចិត្ត Zen Mechaka ធ្វើជាគូស្នេហ៍ ដោយសារតែនាងជាមនុស្សគួរឱ្យស្រឡាញ់ ស្រឡាញ់គ្រួសារ និង អាចផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញមក៕