មិននិយាយតែមាត់! សាយ ត្រៀមស្នើសុំបែបបទ រត់ឡើងប្រាសាទព្រះវិហារ អបអរសាទរខួប ១៥ ឆ្នាំដាក់ក្នុងបញ្ជីបេតិកភណ្ឌ
នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគម្រប់ ១៥ ឆ្នាំហើយ នេះបើគិតចាប់តាំងពីការដាក់បញ្ជូលកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ កន្លងមក។
ក្នុងនោះ ងាកទៅកាន់តារាចម្រៀង Original Song លោក សាយ និង ជាស្ថាបនិកនៃកម្មវិធី «Run with Sai» កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ នៃយុទ្ធនាការ ការរត់របស់លោកជាថ្មី ដោយលោកបានប្រកាស និង សួរមតិមហាជនថា ក្នុងឱកាសអបអរខួបលើកទី ១៥ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោក «Run with Sai» នឹងធ្វើការរត់រយៈចម្ងាយ ៧ គីឡូម៉ែត្រ ឡើងទៅកាន់ប្រាសាទព្រះវិហារ។
សាយ បានរៀបរាប់ថា៖ «បើខ្ញុំធ្វើកម្មវិធីរត់ឡើងប្រាសាទព្រះវិហារ ៧ Km ដើម្បីអបអរសាទរ ខួបលើកទី ១៥ ប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោក អ្នកទាំងអស់គ្នានឹងចូលរួមរត់ជាមួយខ្ញុំដែរឬទេ?»។ ក្នុងនោះ ងាកទៅកាន់មហាជនវិញ ក្រោយពីឃើញសារនោះហើយ ក៏មានមតិភាគច្រើនគាំទ្រ និង រង់ចាំនូវថ្ងៃរត់ឡើងប្រាសាទផងដែរ។
បើតាមការឱ្យដឹងពីតារាចម្រៀង សាយ មកកាន់សារព័ត៌មាន «ប្រជាប្រិយ» ផ្ទាល់បានបញ្ជាក់ថា៖ «មកដល់ពេលនេះ លោកកំពុងតែនៅខេត្តព្រះវិហារ ដើម្បីមើលស្ថានភាព និង រៀបចំស្នើសុំដំណើរការកម្មវិធីឱ្យបានជាក់លាក់សិន។ រីឯថ្ងៃរត់ លោកមិនទាន់កំណត់ជាក់លាក់នៅឡើយនោះទេ ពោលគឺនៅក្នុងអំឡុងខែ កក្កដា ខាងមុខនេះ»៕