បាត់មុខឈឹងពីសិល្បៈ លី ឡានី នៅតែសង្ហា រីឯការងារក៏ល្អមានតំណែងខ្ពង់ខ្ពស់ក្នុងសង្គម
មហាជននិយមតាមដានទស្សនាចម្រៀងកាយវិការ និង ខ្សែភាពយន្តកាលពីប្រមាណជា ២០ ឆ្នាំមុន ច្បាស់ណាស់ប្រាកដជាធ្លាប់បានស្គាល់ហើយនូវវត្តមានរបស់តារាសម្តែងប្រុសស្រស់សង្ហាលោក លី ឡានី ដោយកាលនោះ តារាប្រុសរូបនេះក៏ត្រូវបានជាប់ឈ្មោះជាតារាសម្តែងមួយរូបដែលមានប្រជាប្រិយភាព និង រូបសង្ហាទាក់ចិត្តអ្នកគាំទ្រខ្លាំងណាស់ដែរ។
ក្រោយពីសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈមួយរយៈពេល លោក លី ឡានី ក៏បានបាត់មុខឈឹងលើវិថីសិល្បៈ ហើយបានចាប់យកមុខងារនៅក្នុងមន្ត្រីរាជការទៅវិញ និង សាងគ្រួសារមានកូនចំនួន ២ នាក់ហើយដែរ។ យ៉ាងណាក៏ដោយ តារាប្រុសរូបនេះក៏នៅតែស្ថិតនៅក្នុងក្រអៅបេះដូងអ្នកគាំទ្រដូចដើម ព្រោះតែចម្រៀងកាយវិការ និង ខ្សែភាពយន្តមួយចំនួន ក៏នៅតែមាននៅលើបណ្តាញ Youtube ដូចដើមនោះ។
យ៉ាងណាមិញថ្មីៗនេះ តារាសម្តែងលោក លី ឡានី បានធ្វើឱ្យមហាជនអ្នកគាំទ្រដែលតែងនឹករឭកដល់តារាប្រុសរូបនេះ ហាក់ចាប់អារម្មណ៍ដល់លោកយ៉ាងខ្លាំង ក៏ព្រោះតែអតីតតារាប្រុសរូបនេះ មិនត្រឹមតែអាចរក្សាសម្រស់នៅស្រស់សង្ហាដូចដើមនោះទេ រីឯក្រឡេកទៅមើលការងារវិញ សព្វថ្ងៃលោកក៏មានតំណែងល្អមួយក្នុងសង្គម ដោយលោក លី ឡានី ដែលមានឈ្មោះពិតថា លីអះស្កុល្លានី គឺជាអភិបាលរងស្រុកកងមាស ក្នុងខេត្តកំពង់ចាម៕