នៅ សុនិតា បង្ហាញស្ថានភាពមួយរបស់ស្វាមី បញ្ចប់ពាក្យចចាមអារ៉ាមរកាំរកូសក្នុងគ្រួសារ
មួយរយៈមុន នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានពាក្យចចាមអារ៉ាមលើកឡើងក្នុងន័យសង្ស័យពីទំនាក់ទំនងប្ដីប្រពន្ធរវាងឯកឧត្តម ទិត ថាវរិទ្ធ និង តារាសម្ដែង នៅ សុនិតា អាចនឹងបែកបាក់គ្នា ក្រោយគេឃើញតារាស្រីរូបនេះ តែងបង្ហោះសារបង្ហាញអារម្មណ៍សៅហ្មងជាច្រើនលើកនៅលើគណនីហ្វេសប៊ុក។
ក្រោយរឿងរ៉ាវមួយនេះស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះ ជំទាវ នៅ សុនិតា បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់ភ្លឹកចំពោះជីវិតឯកជនរបស់លោកជំទាវជាថ្មី ក្រោយលោកជំទាវ បង្ហោះរូបភាពស្វាមីគឺឯកឧត្តម ទិត ថាវរិទ្ធ នៅលើគណនីហ្វេសប៊ុក ប៉ុន្ដែលើកនេះ ហាក់បង្ហាញយ៉ាងច្បាស់ថា ពេលនេះជីវិតប្ដីប្រពន្ធរបស់លោកជំទាវ នៅតែល្អូកល្អិនមិនមានរឿងរកាំរកូសទៀតទេ។
ក្នុងនោះ ជំទាវ នៅ សុនិតា បានបង្ហាញស្ថានភាពស្វាមីកំពុងគេងសម្រាកលើគ្រែ ហើយបង្ហាញការព្រួយបារម្ភជាខ្លាំងថា ៖ «ឆាប់ជា daddy កុំឈឺយូរពេក មានការងារច្រើនណាស់ដែលរង់ចាំបង (អត់ចង់ជួបទិដ្ឋភាពដូចពីមុនទេ) ថាចប់ seagame ជូនអ្នកផ្ទះដើរលេងនោះអី មនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ ទ្រាំរហូតដល់ចប់កម្មវិធីសន្លប់យកតែម្តង ស៊ូៗ daddy»។
ត្រឹមការបង្ហោះមួយនេះ អាចបញ្ចប់ការសង្ស័យទាំងស្រុងទៅលើជីវិតគ្រួសាររបស់លោកជំទាវនាពេលកន្លងមកបានហើយ តែយ៉ាងណាមហាជននៅតែសម្ដែងការព្រួយបារម្ភចំពោះសុខភាពឯកឧត្តម ទិត ថាវរិទ្ធ និង សូមឱ្យឯកឧត្តមឆាប់ជាសះស្បើយ៕