លៀក លីដា បារម្ភពីវិស័យកុនខ្មែរ ព្រោះមួយខែនៅរោងកុនបញ្ចាំងយ៉ាងតិច ២៤ រឿង តែមានរឿងខ្មែរតែ ២ រឿង
ជារឿងដ៏ភ្ញាក់ផ្អើល ខណៈនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក លៀក លីដា ប្រធានសមាគមន៍ ផលិតករភាពយន្តកម្ពុជា បានបង្ហោះសារក្ដៅគគុកមួយនៅលើគណនីហ្វេសប៊ុក ដោយបង្ហាញពីក្ដីបារម្ភជាខ្លាំងនូវវិស័យភាពយន្តនៅកម្ពុជា ដែលកំពុងធ្លាក់ចុះបន្តិចម្ដងៗហើយ។
សារទាំងស្រុងរបស់ លោក លៀក លីដា បានរៀបរាប់នៅលើគណនីហ្វេសប៊ុកថា ៖ «មួយខែយ៉ាងតិច ២៤ រឿងដែលនឹងត្រូវចាក់បញ្ចាំង ហើយមានរឿងខ្មែរតែ ២ រឿងទេ គិតម៉េចឥលូវ តើវិស័យភាពយន្តជាតិរីកចម្រើនទៅបានយ៉ាងម៉េច បងប្អូន។ តួសម្តែង អ្នកផលិត មន្រ្តីពាក់ព័ន្ធ គួរជួយស្រែក និង រកវិធីទប់ស្កាត់ ប្រយ័ត្ន វិស័យមួយនេះងាប់សាជាថ្មី 🇰🇭ហើយរឿងអីរឿងយ៉ាងនេះ ដាក់ៗមិនអាសូរវិស័យភាពយន្តជាតិអីតិចសោះ ឱ្យខ្ញុំផលិតរឿងផ្គត់ផ្គង់អីទៀតបើច្រើនម្ល៉ឹងៗ»។
ម្ចាស់ផលិតកម្ម LD រូបនេះ បានបន្ថែមថា ៖ «ក្នុងនាមខ្ញុំជាប្រធានសមាគមន៍ ផលិតករភាពយន្តកម្ពុជាសូមបង្ហាញនូវក្តីបារម្ភ ពីសុខភាពរបស់វិស័យមួយនេះ ដែលកំពុងធ្លាក់ចុះទៅវិញបន្តិចម្តងៗដោយមិនដឹងខ្លួន ជាង ១០ ឆ្នាំដែលមាត់បងៗនិយាយថាជួយ និង គាំទ្រវិស័យភាពយន្តខ្មែរ !! មើលទៅ! មើលខ្លួនឯងទៅ ២៤ រឿង ក្នុងមួយខែ រឿងខ្មែរ ២ រឿង បើរឿងខ្មែរមិនលើកថ្ងៃបញ្ចាំងខ្លួនឯងទេងាប់»៕