ឃើញមិនសូវចេះមាត់-កទេ តែ កែវ វាសនា ក្រៅពីស្មោះស្នេហ៍ហើយ នូវពូកែប្រើពាក្យផ្អែមដាក់ប្រពន្ធទៀត
មុនប្រកាសចូលរោងការតាមប្រពៃណី និង រួមរស់ជាមួយគ្នារយៈពេល ៨ ឆ្នាំមកនេះ ការពិតតារាចម្រៀង កែវ វាសនា និង ភរិយាបណ្ដូលចិត្ត បានទាក់ទងស្គាល់ចិត្តថ្លើមគ្នា គិតមកដល់ពេលនេះរយៈពេល ១៦ ឆ្នាំមកហើយ។
ចាប់តាំងពី កែវ វាសនា និង ភរិយាដែលជាអ្នកជំនួញស្រីសាច់សខ្ចី បានក្រាបផ្ទឹមតាមប្រពៃណី ថែមទាំងបង្កើតបានកូនប្រុសស្រី ២ នាក់មក គេមិនធ្លាប់លេចឮព័ត៌មានអាស្រូវអាណមួយពី កែវ វាសនា ឡើយ មានតែពាក្យសរសើរពីមហាជនថា លោកជាបុរសស្មោះស្នេហ៍ មានក្រុមគ្រួសារដ៏កក់ក្ដៅ ស្មោះត្រង់រវាងគ្នា សូម្បីតែអ្នកនាង លីម សុគន្ធធារី ដែលជាភរិយាលោក ក៏តែងបង្ហោះសារសរសើរពីភាពទទួលខុសត្រូវរបស់ប្ដីសម្លាញ់ចំពោះប្រពន្ធកូនដែរ។
តួយ៉ាងនៅថ្ងៃខួបរៀបការគម្រប់ ៨ ឆ្នាំរបស់ពួកគេ ស្រាប់តែអ្នកនាង លីម សុគន្ធធារី បានបង្ហោះសាររៀបរាប់ចេញពីបេះដូងថា ៖ «happy anniversary 8year 11-05-2023 សរុបមកស្គាល់គ្នាបាន 16 ឆ្នាំ ការបាន 8 ឆ្នាំ អត់មានអ្វីនិយាយច្រើនទេ អរគុណដែលធ្វើឱ្យមនុស្សស្រីម្នាក់នេះមានស្នាមញញឹមទាំងក្នុង និង ក្រៅ អរគុណការតស៊ូ ភាពស្មោះត្រង់ដែលយើងបានផ្តល់ឱ្យគ្នាទើបយើងទទួលបានគ្រប់យ៉ាងដូចថ្ងៃនេះ ជាពិសេសកាដូដ៏ធំ គឺកូនប្រុសស្រីរបស់យើង»។
ងាកមកម្ចាស់បទ «កាលីបគេខ្ពស់» គឺលោក កែវ វាសនា វិញ ក៏បានប្រើពាក្យសម្ដីយ៉ាងផ្អែមទៅកាន់ភរិយាដែរថា ៖ «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំរបស់ខ្ញុំ ពេលវេលាពិតជាលឿនមែន ស្គាល់គ្នាមកដល់ពេលនេះគឺ ១៦ ឆ្នាំហើយ អរគុណពេលវេលាដែលឱ្យពួកយើងជួបគ្នា អរគុណប្រពន្ធដែលរួមសុខរួមទុក្ខជាមួយបង ទោះបីជួបរឿងរ៉ាវខ្យុះភ្លៀងយ៉ាងណាក៏ពួកយើងមិនចោលគ្នា អរគុណសម្រាប់ការបង្កើតកូនពីរនាក់ស្អាតៗសម្រាប់បង អរគុណគ្រប់យ៉ាងដែលអូនចូលមកក្នុងជីវិតបង ចុងក្រោយចង់ប្រាប់ថា (ស្រឡាញ់ប្រពន្ធ និង កូនខ្លាំងៗ ពិសេសគ្រួសារតូចមួយនេះ) Happy anniversary 11/05/2023»៕