មួយសានេះកាន់តែក្តៅខ្លាំង! ចាន់ សុផានី បន្តលាតត្រដាងបញ្ហាគ្រួសារ ពាក់ព័ន្ធអតីតស្វាមីយ៉ាងក្តៅគគុក ជុំវិញរឿងអាថ៌កំបាំងជាច្រើន
រឿងរ៉ាវជីវិតគ្រួសារបែកបាក់របស់អតីតគូស្វាមី ភរិយា លោក ហ្សូណូ និង ពិធីការិនី ចាន់ សុផានី មកដល់ពេលនេះកាន់តែក្ដៅដូចបាយពុះ ខណៈភាគីខាងអ្នកនាង ចាន់ សុផានី នៅតែបន្តទម្លាយរឿងរ៉ាវអាស្រូវអតីតគ្រួសារថា ចាប់តាំងពីលែងលះគ្នា នាងតស៊ូលំបាកចិញ្ចឹមមើលថែកូនស្រីតែម្នាក់ឯងជាង ១០ ឆ្នាំ ចំណែកលោក ហ្សូណូ វិញ គ្មានទទួលខុសត្រូវជាឪពុកឡើយ។
នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ នេះ អ្នកនាង ចាន់ សុផានី នៅតែបន្តកោះកកាយរឿងអាស្រូវក្នុងគ្រួសារ ដោយដាក់បន្ទុកទៅលើតារាចម្រៀង ហ្សូណូ ថាលោកជាមាសទឹកដប់ក្លែងក្លាយ យកចិត្តទុកដាក់ចំពោះកូនអ្នកដទៃ ចំណែកសាច់ឈាមបង្កើតខ្លួនឯងហាក់មិនខ្វល់ខ្វាយ គ្មានទំនួលខុសត្រូវសូម្បីបន្តិច ខណៈកូនស្រីបង្កើតក៏កំពុងត្រូវការការស្រឡាញ់ និង ភាពកក់ក្ដៅពីឪពុកដូចគ្នា។
ក្នុងសារដ៏វែងដូចកន្ទុយខ្លែង ត្រង់ចំណុចមួយផ្នែកអ្នកនាង ចាន់ សុផានី បានលើកឡើងថា ៖ «ក្នុងនាមលោកឯងជាកូនប្រុសមានស្មារតីឡើង មិនមែនទៅសម្តែងធ្វើស្រឡាញ់កូនគេដូចកម្សត់ណាស់នោះទេ កូនស្រីលោកឯងក៏រង់ចាំការស្រឡាញ់ពីលោកឯងដែរ»។ លើសពីនេះ អ្នកនាងក៏បានបន្តថា ៖ «ហើយកុំអាងលេសថាមានម្តាយកូនហាមមិនឱ្យជួប សូមទោសណាមិនដែលហាមសូម្បីតែម្តង មានតែត្រេអរជំនួសកូនបើអ៊ីចឹងមែននោះ»។
ជាងនេះទៅទៀត អ្នកមេម៉ាយ ចាន់ សុផានី ក៏បាននិយាយសំដៅដល់អតីតស្វាមីទៀតថា ៖ «មាសទឹកដប់អ្នកឯងសម្រាប់ពេលនេះ បង្កើតកូនមកគ្មានភាពទទួលខុសត្រូវរត់ទៅសំងំសុខតែឯង ហើយថាខ្លួនឯងមាសទឹកដប់ ឱ្យតម្លៃគេណាស់បណ្តោយឱ្យកូនវេទនាអ៊ីចឹងមែន ក្នុងពេលអ្នកឯងព្យាយាមយកឥទ្ធិពលអ្នកឯងមកអួតសម្ញែងកូនហើយប្រាប់កូនថា កុំឱ្យច្រណែននឹងភាពមានបានរបស់អ្នកឯង»។
ទោះបីជាមានការបង្ហោះជាបន្តបន្ទាប់ពីអ្នកនាង ចាន់ សុផានី យ៉ាងណាក៏ដោយ តែបើងាកទៅលោក ហ្សូណូ វិញ ហាក់ដូចជាមិនបានឆ្លើយតបអ្វីច្រើនដល់អតីតប្រពន្ធឡើយ ពោលគឺលោកនៅតែប្រើជីវិតស្ងប់ស្ងាត់ និង ប្រកបការងារសិល្បៈធម្មតា៕