ក្តៅដូចបាយពុះ! ធុល មករា និង រឹម ហាក់ហេង បដិសេធផាំងៗរឿងក្រុមហ៊ុនថាដកតំណែង តែពួកគេគឺជាអ្នកសុំចុះចេញខ្លួនឯង
នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅក្រុមហ៊ុនមហាហង្ស ដែលជាក្រុមហ៊ុនរៀបចំការប្រកួតកម្មវិធីបវរកញ្ញា និង បុរសឯកដ៏ធំមួយនៅកម្ពុជានោះ បានចេញលិខិតដកហូតតំណែងលោក ធុល មករា ជ័យលាភីលំដាប់រងទី ១ នៃកម្មវិធី Mister Supranational Cambodia 2023 ចេញពីការចូលរួមទៅតំណាងឱ្យកម្ពុជាក្នុងឆាកអន្តរជាតិនៃកម្មវិធី Mister Grand International 2023។
សម្រាប់មូលហេតុនៃការដកហូតនេះ បើយោងទៅតាមលិខិតដែលចេញប្រកាសបានបញ្ជាក់ថា លោក ធុល មករា គឺពុំអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន។ ដោយឡែក ងាកទៅមើលអ្នកកំលោះ ធុល មករា វិញ បន្ទាប់ពីចេញសេចក្តីប្រកាសហើយ ភ្លាមៗនោះលោកក៏បានចេញមកបង្ហោះសារបដិសេធថា លោកមិនមែនក្រុមហ៊ុនដកហូតឡើយ គឺលោកទៅវិញទេដែលជាអ្នកសុំសិទ្ធិដើរចេញខ្លួនឯង។
បើតាមការបង្ហោះរបស់ ធុល មករា បានឱ្យដឹងថា ៖ «ខ្ញុំបាទបានលាលែងដោយខ្លួនឯង គឺគ្មានអ្នកណាមកដកតំណែងខ្ញុំទេ ព្រោះតែខ្ញុំមិនអាចធ្វើតាមលក្ខខណ្ឌដែលក្រុមហ៊ុនចង់បាន អ៊ីចឹងខ្ញុំសុំចាកចេញ»។
ទន្ទឹមនឹងនោះ សូម្បីតែលោក រឹម ហាក់ហេង ដែលជាលំដាប់រងទី ២ Mister Supranational Cambodia ទើបនឹងត្រូវក្រុមហ៊ុនមហាហង្សប្រកាសដកហូតតំណែងដែរនោះ ក៏បានចេញមកបដិសេធដែរថា ៖ «សូមអរគុណដល់លោកពូ អុិន សុភិន ដែលបានផ្តល់ឱកាសដល់រូបខ្ញុំបានស្គាល់នូវវិស័យមួយនេះយ៉ាងច្បាស់។ បញ្ជាក់ ខ្ញុំជាអ្នកលាលែងតពីរតំណែងទេ មិនមែនក្រុមហ៊ុនជាអ្នកដកខ្ញុំទេ ដោយសារខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនសូមគោរអរគុណ»។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីក្រុមហ៊ុនមហាហង្សម្តងទៀតលើហ្វេសប៊ុកផេកផ្លូវការនៃកម្មវិធី Mister Supranational Cambodia បានឱ្យដឹងថា សម្រាប់លោក ធុល មករា ទោះបីជាអស់តំណែង Mister Grand Cambodia មែន តែតំណែងលំដាប់រងទី ១ នៃកម្មវិធី Mister Suprantional Cambodia នៅដូចដើម ព្រោះកំលោះរូបនេះបានតំណែងពីការប្រកួតកម្មវិធី Mister Supranational Cambodia នេះឯង៕