ផ្ទុះការវែកញែកព្រាត លើចំណងជើងបទចម្រៀង «មហានគរ» របស់ ជី ដេវីដ មានលក្ខណៈតួអក្សរខ្លះសរសេរដាំក្បាលចុះក្រោម
នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣ នេះ តារាចម្រៀងរ៉េប ជី ដេវីដ បានធ្វើឱ្យមហាជនអ្នកគាំទ្ររីករាយទាំងព្រឹក ដោយប៉ាៗវ័យក្មេងរូបនេះ បានបញ្ចេញចម្រៀងថ្មីមួយបទ មានចំណងជើងថា «មហានគរ» ជាមួយសាច់ភ្លេងយ៉ាងព្រឺសម្បុរ។
ចម្រៀងរៀបរាប់លើកតម្កើងពីជាតិខ្មែររបស់លោក ជី ដេវីដ មិនត្រឹមតែរៀបរាប់អត្ថន័យយ៉ាងមានន័យនោះទេ បើស្តាប់ទៅលើសាច់ភ្លេងវិញក៏ទាក់ចិត្តខ្លាំងណាស់ដែរ ដោយបទ «មហានគរ» នេះ បាននិពន្ធទំនុកភ្លេងលាយឡំឧបករណ៍ភ្លេងបុរាណជាច្រើនថែមទៀតផង។
ក្រោយពីមានការចែករំលែកតៗសរសើរពីទំនុកច្រៀង និង ទំនុកភ្លេងនោះ ក៏មានមហាជនមួយចំនួនបានចាប់អារម្មណ៍ទៅលើ Poster របស់បទចម្រៀង «មហានគរ» ផងដែរ ដោយគេមើលឃើញថា ការសរសេរពុម្ពអក្សរ ហាក់មានលក្ខណៈប្លែក ពោលគឺមើលទៅតួអក្សរខ្លះមានលក្ខណៈសរសេរដាំក្បាលចុះក្រោម រហូតធ្វើឱ្យមានមហាជនមួយចំនួនលើកឡើងថាការឌីហ្សាញបែបនោះ មានបទដ្ឋានមកពីណា?
យ៉ាងណាមិញ ក៏មានមតិខ្លះទៀតក៏បានលើកឡើងដែរថា អាចជាការច្នៃដើម្បីប្លែកភ្នែក ព្រោះខាងក្រោមតួអក្សរបញ្ច្រាស់នោះ ក៏បានដាក់ចំណងជើងត្រឹមត្រូវច្បាស់ៗរួចហើយ។ លើសពីនោះ ក៏មានមហាជនមួយចំនួនលើកឡើងថា អាចជាអក្សរក្រោយ ឬ មុនសម័យអង្គរក៏ថាបាន៕