រំជួលចិត្ត! Bird កាន់បាច់ផ្កាទៅធ្វើខួបកំណើតខ្លួនឯង នៅមុខធាតុ Tangmo រួចហើយពោលយ៉ាងក្តុកក្តួល
ការស្លាប់របស់តារាស្រី Tangmo កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ បានបន្សល់នូវភាពសោកស្តាយមិនអស់ចិត្តជាច្រើនដល់មហាជនអ្នកគាំទ្រ ជាពិសេសនោះ វាក៏ក្លាយជាដំបៅក្នុងដួងចិត្តមួយដែលនៅតែឈឺពើតផ្សាសម្រាប់ Bird ដែលជាសង្សាររបស់នាងក្នុងរយៈពេលជិត ២ ឆ្នាំ។
ចាប់តាំងពី Tangmo បានបាត់បង់ជីវិតទៅ Bird ក៏រស់នៅតែម្នាក់ឯងយ៉ាងកណ្តោចកណ្តែង ដែលធ្វើឱ្យមហាជនជាច្រើនកើតការអាណិតអាសូរដល់អ្នកកំលោះរូបនេះ ហើយក្នុងនោះម្នាក់ៗក៏តែងចាំជួយលើកទឹកចិត្តគាំទ្រជារឿយៗផងដែរ។ រីឯ Bird វិញ នៅតែនឹកសង្សារមិនលស់មួយថ្ងៃឡើយ លោកតែងតែរំឭកពីនាងមិនដាច់ ផុសរូបចាស់ៗជាមួយនាងមិនដែលបាត់ពីគណនីអ៊ីនស្តាក្រាមឡើយ។
ដោយឡែក កាលពីពេលថ្មីៗនេះ ជាថ្ងៃខួបកំណើត ៣៧ ឆ្នាំរបស់ Bird ក្នុងនោះមហាជនបានឃើញរូបភាពដ៏រំជួលចិត្ត ដោយ Bird បានកាន់បាច់ផ្កាទៅផ្នូររបស់តារាស្រី Tangmo ជាសង្សារដើម្បីឆ្លងខួបកំណើតរបស់ខ្លួន។ អ្វីដែលធ្វើឱ្យមហាជនរឹតតែរំជួលចិត្តចំពោះ Bird ខ្លាំងនោះ គឺកំលោះរូបនេះបានសរសេរសារថា ៖ «រីករាយថ្ងៃខួបកំណើតខ្ញុំ ៣៧ ឆ្នាំ។ ថ្ងៃនេះជាថ្ងៃខួបបង បងមករីករាយជាមួយអូនដែរណា ដ្បិតជាខួបកំណើតបងមែនតែបងបានទិញផ្កាកុលាបមកជូនអូន»៕