(វីដេអូ) ឃើញ វណ្ណដា ឡើងសម្តែងលេីឆាក មាស សុខសោភា ស្រែកភ្លាមថា «Idol»
បើទោះជាកម្មវិធីប្រគំតន្ត្រី «Beyond the Games Day» បានបញ្ចប់ជាច្រើនថ្ងៃហើយក្តី តែរូបភាព និង វីដេអូនៃកម្មវិធីនេះនៅតែបន្តចែកចាយលើបណ្តាញសង្គម។ ជាងនេះទៅទៀត ក៏មានសិល្បករ សិល្បការិនីជាច្រើនបានចែករំលែករូបភាព និង វីដេអូពោរពេញដោយស្នាមញញឹមយ៉ាងមោទកភាព ក្នុងនាមខ្លួនជាម្ចាស់ផ្ទះថែមទៀតផង។
ងាកទៅកាន់កំពូលតារាចម្រៀង មាស សុខសោភា ឯនោះវិញ ក៏បានបង្ហោះវីដេអូ Vlog របស់ខ្លួននៃកម្មភាពក្រោយឆាកនៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងដែរ។ ក្នុងនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ និង ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តផងនោះ អ្នកនាង មាស សុខសោភា បានបង្ហាញអារម្មណ៍យ៉ាងរំភើប នៅពេលដែលតារាចម្រៀងរ៉េប វណ្ណដា ឡើងសម្តែង ព្រមទាំងបានស្រែកហៅ វណ្ណដា ថា «Idol»។
ក្រោយពីឃើញវីដេអូនោះហើយ អ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ដោយឃើញ Idol ទាំង ២ រូប គឺអ្នកនាង មាស សុខសោភា និង លោក វណ្ណដា ស្រឡាញ់គាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាសិល្បករខ្មែរ។ លើសពីនោះ ក្រឡេកទៅមើលតារាចម្រៀងរ៉េប វណ្ណដា វិញ នៅពេលដែលឃើញអ្នកនាង មាស សុខសោភា លោកលើកដៃសំពះ និង រាក់ទាក់រៀមច្បងយ៉ាងគួរសមទៀតផង៕