ទឹកមុខសោកសៅរបស់ Cha Eun Woo បង្ហាញខ្លួនចូលរួមកម្មវិធីដំបូង បន្ទាប់ពីបាត់បង់មិត្តសម្លាញ់
ដំណឹងមរណភាពរបស់ Moonbin បានធ្វើឱ្យមានការភ្ញាក់ផ្អើល និង សោកស្តាយជាខ្លាំងដល់អ្នកគាំទ្រទូទាំងអាស៊ី ជាពិសេស សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធដែលរួមអាជីពសិល្បៈជាមួយលោក មិនអាចលាក់បាំងពីភាពក្រៀមក្រំ សោកសៅក្នុងចិត្តរបស់ពួកគេបាននោះទេ។
ដូចជាតារាប្រុស Cha Eun Woo គឺជាមិត្តជិតស្និទ្ធប្រៀបដូចជាបងប្អូនរបស់ Moonbin បន្ទាប់ពីបានទទួលដំណឹងដ៏តក់ស្លុតនេះ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រញាប់ប្រញាល់ហោះហើរពីអាមេរិកមកប្រទេសកូរ៉េ ភ្លាមៗដើម្បីជួបមិត្តសម្លាញ់ជាលើកចុងក្រោយ។
យ៉ាងណាមិញ ក្រោយពីពិធីបុណ្យសពរបស់ Moonbin បានរៀបចំឡើងតាមប្រពៃណីរួចរាល់ហើយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ អាចនិយាយបានថានេះជាកម្មវិធីដំបូងរបស់ Cha Eun Woo ដែលបានវត្តមានចូលរួមក្នុងកម្មវិធីវប្បធម៌មួយដែលធ្វើឡើងនៅប្រទេសថៃ។
ក្នុងនោះដែរ បណ្តាអ្នកគាំទ្រ និង ទស្សនិកជនជាច្រើនបានសម្គាល់ឃើញនូវទឹកមុខរបស់តារាប្រុសរូបនេះ ហាក់ដូចជាស្លេកស្លាំង ហើយស្គមជាងមុន សូម្បីតែការញញឹម ហើយមើលទៅទឹកមុខរបស់លោក ក៏មិនសូវជាស្រស់ស្រាយនោះដែរ ផ្ទុយស្រឡះពីពេលមុនដែលលោកមើលទៅរីករាយ និង មានភាពស្វាហាប់៕