អ៊ាម វន្នី ប្រកាសបើកចំហមិនគាំទ្រ Admin ជីកចក់ ធ្វើពិធីករក្នុងកម្មវិធីកីឡាស៊ីហ្គេមដាច់ខាត
នៅខ្វះតែ ៧ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមហើយ ក្នុងនោះកម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ភ្ញៀវកិត្តិយសមកពីបណ្ដាប្រទេសផ្សេង។
ទន្ទឹមនឹងព្រឹត្តិការណ៍ស៊ីហ្គេម កាន់តែខិតជិតចូលមកដល់ នៅលើបណ្ដាញសង្គមក៏មានការផ្សព្វផ្សាយព័ត៌មានថា Admin ជីកចក់ ទទួលបានឱកាសជាពិធីករក្នុងកម្មវិធីប្រកួតកីឡាបាល់ទាល់នៅក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយនេះ ដែលធ្វើឱ្យផ្ទុះការជជែកវែកញែកជាច្រើនពីបណ្ដាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។
ខណៈដំណឹងនេះបានផ្សព្វផ្សាយដល់ត្រចៀកលោក អ៊ាម វន្នី ស្រាប់តែតារាចម្រៀងរូបនេះ ចេញមុខបង្ហោះសារមិនពេញចិត្តជាខ្លាំង ហើយថែមទាំងស្នើឱ្យថ្នាក់ដឹកនាំសិក្សាសាជាថ្មីទៀតផងថា ៖ «ឃើញថាហ្វេសប៊ុកផុសព្រោងព្រាតថាគាត់ជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីកីឡាស៊ីហ្គេមខាងមុខ តែភាពច្បាស់ការ ១០០% ខ្ញុំមិនទាន់ដឹងទេ។
#បើសិន ជាការពិតខ្ញុំមិនគាំទ្រទេ ក្នុងនាមជាជនរួមជាតិម្នាក់ ខ្ញុំមិនដែលស្អប់ ឬមានបញ្ហាជាមួយគាត់ទេ ប៉ុន្តែអតីតភាពរបស់គាត់គឺពុំគួរទទួលបានឱកាសការងារនេះទេ ប្រទេសជិតខាងកំពុងតាមដានមើលយើងគ្រប់ជ្រុងជ្រោយ បើថ្លោះធ្លោយគឺមានតែអាម៉ាស់ប៉ុណ្ណោះ កិត្តិយសជាតិជារឿងសំខាន់ ជាង ២០ ឆ្នាំទៀតទើបមានឱកាសនេះម្តងទៀត។
បើជាការពិតខ្ញុំអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះ សិក្សាឡើងវិញដើម្បីជ្រើសអ្នកដែលស័ក្តិសមបំផុត ទាំងក្នុងដួងចិត្តមហាជន និង សមត្ថភាព និងភាពថ្លៃថ្នូរ»៕