អ្នកគាំទ្រលាន់មាត់សរសើ Park Seo Joon ក្រោយធ្វើសកម្មភាពមួយនេះដាក់ IU
ជឿថាប្រិយមិត្តតាមដានវិស័យភាពយន្តកូរ៉េច្បាស់ជាបានស្គាល់ហើយ តារាសម្ដែងប្រុស Park Seo Joon ដែលកន្លងមក លោកត្រូវបានទស្សនិកជនចាត់ទុកថាសុភាពបុរសសម្បូរដោយកាយវិការផ្អែមល្ហែម និង កក់ក្តៅ។
រាល់ពេលដែលលោកបានរួមការងារជាមួយមិត្តរួមអាជីព មិនថាជាតារាប្រុស ឬ តារាស្រីនោះទេ Park Seo Joon តែងតែទទួលបានការកោតសរសើរពីមហាជននៅលើបណ្តាញសង្គមផ្សេងៗ ក៏ដូចជានៅលើប្រព័ន្ធផ្សព្វផ្សាយជាដើម។
ដូចជាកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ នៅតែទទួលបានការសរសើរពីទស្សនិកជនច្រើនរាប់មិនអស់ ដោយសារតែកាយវិការសុភាពបុរសយ៉ាងកក់ក្តៅរបស់លោកជាមួយនឹងតារាស្រី IU ខណៈពេលដែលអ្នកទាំងពីរបានបង្ហាញខ្លួនថតរូបអនុស្សាវរីយ៍ជុំគ្នាជាមួយនឹងតួសម្ដែងក្នុងរឿង «Dream»។
ក្នុងនោះដែរ សង្កេតឃើញថា Park Seo Joon បានយកចិត្តទុកដាក់ចំពោះ IU ជាខ្លាំង ដោយលោកបានយកដៃពាំងពីក្រោយ ហាក់ដូចជាបង្ហាញការចង់ការពារសុវត្ថិភាពរបស់តារាស្រីតូចច្រឡឹងរូបនេះ។
ឃើញដូចនេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន បានលាន់មាត់និយាយបែបចំអន់លេងជាមួយនឹង Park Seo Joon ថា៖ «មើលទៅលោកដូចជាមនុស្សស្ងៀមស្ងាត់ ប៉ុន្តែតាមពិតជាសុភាពបុរសចិត្តល្អ និង កក់ក្តៅបែបនេះសោះ» និង មានមតិខ្លះស្រដៀងគ្នាបាននិយាយផងដែរថា៖ «Park Seo Joon គឺជាបុរសដ៏ផ្អែមល្ហែមបំផុត»៕