Kim Sae Ron បានបញ្ចប់អាជីពជាតារានៅអាយុ ២៣ ឆ្នាំ ក្រោយជាប់ខ្លួនក្នុងរឿងអាស្រូវរើមិនរួច
ដូចដែលអ្នកតាមវិស័យភាពយន្តកូរ៉េបានស្គាល់មកហើយ អំពីតារាសម្ដែងស្រី Kim Sae Ron ដែលបានចាប់ផ្តើមអាជីពជាតារាសិល្បៈតាំងពីនាងមានអាយុ ៩ ឆ្នាំ ដោយបានលេចមុខក្នុងខ្សែភាពយន្តល្បីៗដូចជា «A Brand New Life» និង «The Man From Nowhere»។
យ៉ាងណាមិញ ក្នុងកុមារភាពរបស់តារាសម្ដែងស្រីរូបនេះ ប្រឡូកក្នុងវិស័យ K-drama គឺបានទទួលភាពជោគជ័យឆាប់រហ័សលើសពីការរំពឹងទុក ដោយទទួលបានពានរង្វាន់ច្រើនរាប់មិនអស់ និង ទទួលបានការកោតសរសើរច្រើនពីតារារាមច្បង ក៏ដូចជាអ្នកគាំទ្ររបស់នាងកន្លងមក។
អស់រយៈពេលច្រើនឆ្នាំមកនេះ មហាជនជាច្រើនបានរំពឹងទុកថា Kim Sae Ron បានធំឡើងហើយនឹងក្លាយជាតារាភាគយន្តដ៏ល្បីជាមួយនឹងអនាគតភ្លឺស្វាង ប៉ុន្តែនាងបែរជាភ្លាត់ស្នៀតជាប់ខ្លួនក្នុងរឿងអាស្រូវជាបន្តបន្ទាប់ទៅវិញ។
ជុំវិញរឿងរ៉ាវចម្រូងចម្រាសរបស់តារាសម្ដែងស្រីវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងស្រវឹង និង លេងថ្នាំហាមឃាត់ ក្នុងវ័យនាងនៅជាអនីតិជន ហើយត្រូវបានកម្មវិធីកម្សាន្តនានា និង គម្រោងភាគយន្តជាច្រើន បានលុបចោលតួនាទីរបស់នាងមិនអនុញ្ញាតឱ្យថតជាបន្តបន្ទាប់។ រហូតមកដល់បច្ចុប្បន្ន នាងក៏បានប្រឈមនឹងភាពចម្រូងចម្រាសស្រាយមិនចេញជុំវិញកាយវិការរបស់នាងធ្វើដាក់មិត្តរួមការងារ និង អ្នកដែលមានវ័យច្រើនជាងខ្លួន។
ជាក់ស្ដែង កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ គណៈកម្មាធិការត្រួតពិនិត្យបទប្បញ្ញត្តិនៃការផ្សាយរបស់ KBS បានប្រកាសពីការសម្រេចចិត្តហាមឃាត់ការផ្សាយលើតារាសិល្បៈចំនួនពីររូប ក្នុងនោះគឺមាន Kim Sae Ron និង Shin Hye Sung សមាជិក Shinhwa។
មូលហេតុដោយសារតែកាលពីខែឧសភា ឆ្នាំ ២០២២ តារាស្រីវ័យក្មេងរូបនេះ បានបន្តធ្វើឱ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ដោយបានបំពានច្បាប់បើកបរក្នុងពេលស្រវឹង។ ហើយបានទៅជួបគ្រោះថ្នាក់ចរាចរណ៍នៅជិតផ្លូវបំបែកក្នុងសង្កត់ Gangnam រងប៉ះទង្គិចធ្ងន់ធ្ងរដែលបានធ្វើឱ្យប្រព័ន្ធភ្លើងនៅក្នុងតំបន់ត្រូវបានកាត់ផ្តាច់ និង ហាងលក់ដូរមួយចំនួននៅទីនោះ ត្រូវបានបិទទ្វារដើម្បីជួសជុស៕