កាន់តែក្តៅ! Yoo Ah In ត្រូវបានប៉ូលិសបន្តរកឃើញសារធាតុថ្នាំហាមឃាត់ទី ៥
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា តារាសម្ដែងប្រុស Yoo Ah In ត្រូវបានប៉ូលិសបន្តរកឃើញតេស្តវិជ្ជមាន ដែលកំណត់ថាបានលោកបានប្រើប្រាស់លើសកម្រិតលើសារធាតុថ្នាំហាមឃាត់ប្រភេទ Zolpidem។
ហេតុដូចនេះ ចំនួនសរុបនៃសារធាតុថ្នាំហាមឃាត់របស់តារាសម្ដែងប្រុសរូបនេះ គឺវិជ្ជមានដល់ទៅ ៥ ថ្នាំ រួមមានដូចជា កញ្ឆា, Propofol, Ketamine, Cocaine និង Zolpidem។
នេះបើតាមការឱ្យដឹងបន្ថែម Yoo Ah In ត្រូវបានគេសង្ស័យថា បានទិញថ្នាំ Zolpidem មកប្រើពីមន្ទីរពេទ្យ និង គ្លីនិក ហើយប្រើវាជាប្រចាំដូចថ្នាំ Ketamine និង Cocaine ដែរ។ ដំបូងឡើយតារាប្រុសរូបនេះមិនត្រូវបានស៊ើបអង្កេតពីបទប្រើប្រាស់ Zolpidem នោះទេ ប៉ុន្តែបន្ទាប់ពីប៉ូលិសបន្តស្វែងរកឈ្មោះរបស់លោកតាមគ្លីនិក និង មន្ទីរពេទ្យផ្សេងៗទៀត ប៉ូលិសក៏បានរកឃើញភស្តុតាងដែលតារាសម្ដែងរូបនេះបានប្រើថ្នាំប្រភេទនេះ។
សូមបញ្ជាក់ផងដែរថា ថ្នាំ Zolpidem គឺជាប្រភេទថ្នាំដែលប្រើដើម្បីព្យាបាលអ្នកជំងឺគេងមិនលក់ ប៉ុន្តែគ្រូពេទ្យមិនអនុញ្ញាតឱ្យចេញវេជ្ជបញ្ជាលើសពី ១០mg ក្នុង ១ ថ្ងៃ សម្រាប់អ្នកជំងឺនោះទេ។ ទោះជាយ៉ាងណា អំឡុងពេលបើកការស៊ើបអង្កេត តារាប្រុសរូបនេះក៏បានបដិសេធការចោទប្រកាន់មួយចំនួនផងដែរ លើការប្រើប្រាស់ថ្នាំ Cocaine ប៉ុន្តែលោកបាននិយាយការប្រើ Propofol និង Ketamine ដើម្បីព្យាបាលជំងឺ៕