ត្រឹមប៉ុន្មានថ្ងៃសោះ កីឡាករបាល់ទាត់ និង តារាល្បី ៤ រូបទាំងក្មេងទាំងចាស់ បានចែកឋានបន្តគ្នា
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សង្កេតឃើញថាបណ្ដាសារព័ត៌មានអន្តរជាតិជាច្រើន បានធ្វើការចុះផ្សាយពីដំណឹងដ៏ក្រៀមក្រំនៃការបាត់បង់បុគ្គលឆ្នើមច្រើនរូបបន្តកន្ទុយគ្នា។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ កីឡាករបាល់ទាត់ម្នាក់ប្រចាំក្រុម AFC Portchester នៅចក្រភពអង់គ្លេស បានទទួលមរណភាពភ្លាមៗ ត្រឹមវ័យ ២៨ ឆ្នាំ។ ការបាត់បង់បុគ្គលដ៏មានទេពកោសល្យរូបនេះ បានធ្វើឱ្យក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាមិត្តរួមក្រុមរបស់លោក មានការតក់ស្លុត និង សោកស្ដាយជាពន់ពេក។
ដោយឡែក កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ នៅឯប្រទេសម៉ិកស៊ិក ក៏មានរឿងរ៉ាវដ៏ក្រៀមក្រំផងដែរ ដោយតារាសម្ដែង ក៏ដូចជាតារាចម្រៀងរបស់គេឈ្មោះ Julián Figueroa បានទទួលមរណភាពដែរ ក្នុងវ័យ ២៧ ឆ្នាំ។ ចំពោះមូលហេតុនៃការស្លាប់ គឺមិនមានព័ត៌មានទម្លាយនោះឡើយ។
ក្នុងថ្ងៃ ០៩ មេសា ដដែលនេះដែរ នៅខាងហុងកុងក៏ជួបទុក្ខក្រៀមក្រំដូចគ្នា ដោយតារាសម្ដែងជើងចាស់មួយ Richard Ng បានទទួលមរណភាពក្នុងវ័យ ៨៣ ឆ្នាំ ក្រោយតស៊ូព្យាបាលនឹងជំងឺជាច្រើនមុខអស់រយៈពេលច្រើនឆ្នាំកន្លងមក។
រំលងបានត្រឹម ២ ថ្ងៃ ពោលគឺនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះ វិស័យភាពយន្តនៅប្រទេសកូរ៉េខាងត្បូង បានមានការតក់ស្លុតជាពន់ពេក នៅពេលដែលទទួលបានដំណឹងថា តារាសម្ដែងស្រី Jung Chae Yul បានប្រទះឃើញស្លាប់ក្នុងផ្ទះ ទាំងដែលរូបនាងមានវ័យត្រឹម ២៦ ឆ្នាំ។ ចំពោះមូលហេតុស្លាប់ភ្លាមៗរបស់តារាស្រីរូបនេះ ក៏នៅមិនទាន់មានព័ត៌មានបញ្ជាក់ដូចគ្នា៕