Mo Amena ទម្លាយទាំងក្តុកក្តួលថាដេកយំ ៣ ថ្ងៃជាប់គ្នា ក្រោយធ្លោយមាត់និយាយរឿងជំងឺ Om Akapan
កាលពីពេលថ្មីៗនេះ តារាស្រី Mo Amena ត្រូវបានមហាជនរិះគន់យ៉ាងស្ពឹកមុខ ក្រោយនាងបានទម្លាយរឿងផ្ទាល់ខ្លួនរបស់តារាសម្តែងប្រុស Om Akapan ជាសាធារណៈថា កំពុងតែកើតជំងឺមហារីក ទាំងដែលសាមីខ្លួនបានលាក់ទុកមិនទាន់ហ៊ានបង្ហើបឱ្យអ្នកណាដឹង ដោយសារតែខ្លាចប៉ះពាល់អារម្មណ៍គ្រួសារ។
ក្នុងនោះ មហាជនបានរិះគន់ទៅលើតារាស្រី Mo Amena ធ្ងន់ៗថា ចេះដឹងរឿងផ្ទាល់ខ្លួនគេជ្រុលហួសហេតុ ទាំងដែលសាមីខ្លួនគេមិនដឹង មិនសុំឱ្យចេញមុខនិយាយ។
យ៉ាងណាមិញ ខណៈដែលមហាជនជាច្រើនបានចេញមុខសម្តែងក្តីមិនពេញចិត្តដល់តារាស្រី Mo Amena គេឃើញថា ក្នុងនោះក៏មានវត្តមានពិធីករប្រុស Kanchai ម្នាក់ ដែលបានចេញមុខបង្ហើបសម្តីមិនពេញចិត្តជាច្រើនដល់តារាស្រី Mo Amena រហូតតារាស្រីរូបនេះបានចេញមុខឆ្លើយតបចំពោះរឿងរ៉ាវរិះគន់នេះទៅវិញភ្លាមៗថា ការដែលនាងចេញមុខនិយាយរឿង Om Akapan នាងគ្មានបំណងអ្វីក្រៅពីបារម្ភ និង ចង់ផ្តល់កម្លាំងចិត្តឱ្យលោកនោះទេ។
មួយវិញទៀត Mo Amena ក៏បានបន្តទៀតថា អ្វីដែលធ្វើឱ្យនាងខូចចិត្ត និង ខកចិត្តជាទីបំផុតនោះ បន្ទាប់ពីបានឮសម្តីពិធីករល្បីម្នាក់បានរិះគន់ និង ប្រើសម្តីមិនសមរម្យមកលើរូបនាង រហូតពាក្យសម្តីទាំងនេះវាធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លាំង រហូតនាងគេងគិតគេងយំ ៣ ថ្ងៃជាប់គ្នាឯណោះ ព្រោះសោកស្តាយកន្លងមកនាងតែងតែគោរពស្រឡាញ់ និង ឱ្យតម្លៃពិធីកររូបនោះ តែចុងក្រោយគ្មានបានអ្វីក្រៅពីទទួលបានពាក្យមិនល្អទៅវិញ។
ដ្បិតថាបែបនេះ Mo Amena មិនបាននិយាយចំៗថា ពាក្យសម្ដីរបស់នាង ចង់សម្ដៅដល់ពិធីករ Kanchai ឬក៏អត់នោះទេ ព្រោះនាងមិនបានលើកឡើងពីឈ្មោះរបស់លោកឡើយ៕