Nam Joo Hyuk ចូលបម្រើកងទ័ពស្ងាត់ៗ ទាំងរឿងអាស្រូវមិនទាន់ដោះស្រាយ
កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣ រូបថតដំបូងរបស់ Nam Joo Hyuk នៅក្នុងជួរកងទ័ពត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គម។ ជាមួយគ្នានោះ តារាប្រុសរូបនេះ ក៏ត្រូវបានគេដឹងទៀតថា បានចូលបម្រើកងទ័ពតាំងពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ មកម្ល៉េះ ហើយបច្ចុប្បន្ន លោកកំពុងឈរជើងនៅឯមជ្ឈមណ្ឌលហ្វឹកហាត់ Nonsan និង ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីផងដែរ។
យ៉ាងណាមិញ មុនពេលចូលបម្រើក្នុងជួរកងទ័ព តារាប្រុសរូបនេះ បានជាប់ខ្លួនក្នុងរឿងចចាមអារ៉ាមមួយ ដែលមហាជនមួយចំនួនបានសង្ស័យថា លោកជាប់មានរឿងអាស្រូវហិង្សាក្នុងសាលា ព្រោះកាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ Nam Joo Hyuk ត្រូវបានគេចោទពីបទសម្លុតមិត្តរួមថ្នាក់អស់រយៈពេល ៦ ឆ្នាំ។ ក្នុងនោះ ជនរងគ្រោះក៏បានបង្ហោះភស្តុតាងដោយនិយាយថា តារាប្រុសរូបនេះ គឺជាក្រុមសិស្សដែលបានធ្វើបាបមិត្តរួមថ្នាក់។
ហេតុដូចនេះ ទើបបានជាមហាជនបានរិះគន់ទៅលើតារាសម្ដែងប្រុសរូបនេះថា បានលួចលាក់ទៅចុះឈ្មោះចូលបម្រើកងទ័ព នៅពេលដែលរឿងអាស្រូវនៅមិនទាន់បានដោះស្រាយ។
ទោះជាយ៉ាងណា ខាងក្រុមហ៊ុនរបស់ Nam Joo Hyuk ក៏ធ្លាប់បានចេញមកបដិសេធចំពោះរឿងចចាមអារ៉ាមនេះម្ដងមកហើយ។ ដូច្នេះហើយ នៅក្នុងការគិតរបស់ទស្សនិកជនមួយចំនួនចង់មានន័យថា តារាប្រុសរូបនេះចង់គេចពីរឿងអាស្រូវ ដោយបានចុះឈ្មោះចូលបម្រើយោធា៕